ភ្នំពេញ, តាមរយៈការយកចិត្តទុកដាក់ មានភាពទទួលខុសត្រូវខ្ពស់របស់ក្រុមគ្រូពេទ្យ ផ្សាភ្ជាប់ពាក្យថា”ខ្មែរស្រលាញ់ខ្មែរ ក្នុងគ្រាលំបាក” ឈានដល់កម្មការិនីកើតកូវីដ-១៩ម្នាក់ទៀត បានសម្រាលកូនដោយជោគជ័យ នៅមន្ទីរពេទ្យជប៉ុន, ទារកទើបកើតលទ្ធផលតេស្ដ អវិជ្ជមានកូវីដ គួរអោយរំភើបជំនួសគាត់ ។
សូមបញ្ជាក់ថា, អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតហើយ បានសម្រាលកូនដោយជោគជ័យ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យជប៉ុន។ ខណ:អ្នកជំងឺកូវីដម្នាក់នេះ ជាកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលក្បែរសួនឧស្សាហកម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានរកឃើញវិជ្ជមាន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នោះ ហើយត្រូវបានបញ្ជូនមកព្យាបាលនៅវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី។
ក្រុមគ្រូពេទ្យអោយដឹងថា, ស្ត្រីរូបនេះមានឈ្មោះ ហ៊ូ អមរ៉ា អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងមានស្វាមី ឈ្មោះលឿត ណារិទ្ធ អាយុ៣២ឆ្នាំ ជាមន្ត្រីនគរបាល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
តាមការបញ្ជាក់ពីស្វាមីរបស់ស្ត្រីអ្នកជំងឺកូវីដ-១៩ ដែលទទួលបានព័ត៌មានពីក្រុមគ្រូពេទ្យថា កូនស្រីរបស់ខ្លួនពេលដែលកើត ក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យ ហើយជាលទ្ធផលបង្ហាញថា អវិជ្ជមានជំងឺកូវីដ១៩ តែរង់ចាំការយកសំណាកធ្វើតេស្តបន្តចំនួន២លើកទៀត។
ជាមួយគ្នានេះ ប្តីស្រ្តីមានជំងឺកូវីដខាងលើ មានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យជប៉ុន ដែលបានជួយសម្រាលកូនប្រពន្ធរបស់គាត់ ប្រកបដោយសុវត្ថិភាពទាំងម្តាយទាំងកូន ដោយការយកចិត្តទុកដាក់បំផុតជួយដល់ភរិយាគាត់។
សូមជម្រាបថា, ក្រុមគ្រូពេទ្យ បានជួយស្ត្រីមានជំងឺ៊កូវីដ-១៩ ឆ្លងទន្លេជោគជ័យច្រើននាក់ ជាបន្តបន្ទាប់ ។
សូមបញ្ជាក់ថា, នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៨៨០នាក់ (សហគមន៍ទាំង ៨៨០នាក់) និងមានអ្នកជាសះស្បេីយចំនួន ២៨៨នាក់ក្នុងនោះរួមមាន៖
ភ្នំពេញ(៥១៨), ខេត្តព្រះសីហនុ(១៨៧), ខេត្តកណ្តាល(៧៣),
ខេត្តកំពុងចាម:( ៣៩), ខេត្តបន្ទាយមានជ័យ(៣៦), ខេត្តកំពុងស្ពឺ( ៩ ),ខេត្តតាកែវ(៥ ),ខេត្តកំពុងធំ( ៤ ),ខេត្តកំពុងឆ្នាំង( ៣), ខេត្តព្រៃវែង(២ ),ខេត្តពោធិសាត់( ១), ខេត្តកោះកុង,( ១), ខេត្តសៀមរាប( ១ ), និងខេត្តត្បូងឃ្មុំ(១ )។
គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 12641 នាក់
– អ្នកជាសះស្បើយ= 4986 នាក់
– អ្នកកំពុងព្យាបាល= 8119 នាក់
– អ្នកស្លាប់= 91 នាក់៕
ដោយ, សិលា