ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដឹកនាំដោយ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោកឧត្តមសេនីយ៍ឯក កែវ ស៊ីម អមដំណើរដោយលោកឧត្តមសេនីយ៍ឯក សួន សុខរ៉ា តំណាងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកស្បៀងអាហារដែលក្នុងនោះមានអង្ករជាង១៥០តោនប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទូលរងគ្រោះឬប៉ះពាល់ធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ-១៩ ពិសេសប្រជាពលរដ្ឋដែលបាននិងកំពុងរស់នៅក្នុងតំបន់ក្រហម។
ពិធីប្រគល់និងទទួលស្បៀងអាហារខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយលោកវេង សាខុន និងលោកឧត្តមសេនីយ៍ឯក កែវ ស៊ីមនិងលោកឧត្តមសេនីយ៍ឯក សួន សុខរ៉ា តំណាងឱ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ។
អំណោយដែលប្រគល់ជូនដោយលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មករដ្ឋបាលរាជធានីភ្នំពេញនេះ មានអង្ករចំនួន៧៨តោន ដែលអង្ករទាំងនេះបានមកពីការជួយឧបត្ថមពីរាជរដ្ឋាភិបាលនៃប្រទេសជប៉ុនប្រគល់មកឱ្យកម្ពុជា ។
ចំណែកលោកឧត្តមសេនីយ៍ឯក កែវ ស៊ីម តំណាងឱ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកអំណោយមកប្រគល់ជូនសាលារាជធានីភ្នំពេញ រួមមាន អង្ករ៧៥តោន ត្រីខ ៣០០កេស ទឹកស៊ីអ៊ីវ ៣០០០យួរ ទឹកត្រី ៣០០០យួរ និងមី៦០០០កេសតូច ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋដែលទទូលរងគ្រោះឬប៉ះពាល់ធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងតំបន់ក្រហម។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានមានប្រសាសន៍ថា៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោកឧត្តមសេនីយ៍ឯក កែវ ស៊ីម តំណាងឱ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលបាននាំយកស្បៀងអាហារទាំងនេះ មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ-១៩នៅតំបន់ក្រហម ។
កាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យបានទាន់ពេលវេលា៕
ដោយ៖ សំរិត