ទិវាពលកម្មអន្ដរជាតិ ឬ ទិវាកម្មករអន្តរជាតិ ជាភាសាអង់គ្លេស ៖ International Labor Day) គឺជាទិវាថ្ងៃឈប់សម្រាកមួយ ដែលបណ្ដាប្រទេសជាច្រើនជាង ៨០ប្រទេស ទូទាំងពិភពលោក ប្រារព្វឡើងក្នុងគោលបំណងដើម្បី រំឮក និងឧទ្ទិសដឹងគុណ ដល់វីរភាពដ៏អង់អាចក្លាហាននៃកម្មករកម្មការិនី ដែលបានប្រឹងប្រែងតស៊ូពុះពារ និងប្ដូរជីវិត ដើម្បីការងារសិទ្ធិកម្មករទាំងមូល។ ទិវាពលកម្មអន្ដរជាតិ តែងតែប្រារព្វរៀងរាល់ឆ្នាំ នៅថ្ងៃទី ១ ឧសភា។
អំពីប្រវត្តិ÷
នៅចុងសតវត្សរ៍ឆ្នាំ១៨ រហូតដល់ពាក់កណ្ដាលសតវត្សរ៍ឆ្នាំ១៩ ជាយុគសម័យដែលមានការរីកចម្រើនខាងផ្នែកឧស្សាហកម្ម។ ចំណែក ឯពលករនៅអាមេរិកមានការចូលរួមកាន់តែច្រើនឡើងនៅក្នុងចលនាសហជីព ដើម្បីធ្វើការចរចាជាសមូហភាពស្វែងរកផលប្រយោជន៍ជូនសមាជិករបស់ពួកគេ។ លក្ខខណ្ឌការងាររបស់កម្មករគឺមានសភាពយ៉ាប់យឺនក្រៃលែង សុខភាពនិងសុវត្ថិភាពនៅកន្លែងធ្វើការមិនអំណោយផលពិសេសអ្នកធ្វើការនៅតាមរោងចក្រ និងអណ្ដូងរ៉ែ ប្រាក់ឈ្នួលថោក ការងារប្រចាំថ្ងៃចាប់ពី១០ម៉ោងទៅ១៦ម៉ោងជាដើម។ល។
ឆ្នាំ១៨៨២ ព្រឹត្ដិការណ៍ធំៗជាច្រើននៅក្នុងចលនាពលករអាមេរិកកើតឡើងជាហូរហែ ដើម្បីទាមទារកំណត់ស្ដង់ដារការងារ។ថ្ងៃសៅរ៍ ទី១ ខែឧសភា ឆ្នាំ១៨៨៦ កម្មកររាប់ម៉ឺននាក់បានដើរចេញពីកន្លែងធ្វើការប្រហែលជា១៣០០កន្លែងនៅទូទាំងសហរដ្ឋអាមេរិក ប្រារឰ ទិវាពលកម្មនៅក្នុងប្រវត្ដិសាស្ដ្រ។ ចលនាដ៏សំខាន់គឺកើតឡើងនៅទីក្រុងឈីកាហ្គោ (Chicago) នៃរដ្ឋអ៊ីលីណយ (Illinois) ទាមទារធ្វើការ មួយថ្ងៃត្រឹមតែ៨ម៉ោង។ មានកម្មករប្រហែល៤ម៉ឺននាក់ធ្វើកូដកម្មជាមួយអ្នកអាណាធិបតេយ្យនិយមនៅក្បួនខាងមុខនៃក្រសែភ្នែកសាធារណៈ ជនបានថ្លែងយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយមនោគមវិជ្ជាប្រាប់ពីសកម្មភាពត្រង់ៗចារឹកជាបដិវត្ដន៍ អ្នកអាណាធិបតេយ្យនិយម និង ភាពអាណាធិបតេយ្យនិយមត្រូវបានទទួលនូវការគោរពពីពលករនានា តែធ្វើឱ្យពួកនាយទុនស្អប់យ៉ាងខ្លាំង។ ថ្ងៃបន្ទាប់មក កម្មកររាប់រយពាន់ នាក់បានចេញធ្វើបាតុកម្ម ប៉ុន្ដែនៅទីក្រុង Chicago អំណាចច្បាប់ និងបទបញ្ជាបានក្លាយទៅជាការគាបសង្កត់ទៅលើបាតុករ។ កម្មករនៅឯ ក្រុមហ៊ុនផលិតគ្រឿងម៉ាស៊ីនសម្រាប់កសិកម្មរបស់មាកក័រមិក(McCormic Harvesting Machine Co.) ធ្វើកូដកម្មទាមទារឱ្យកាត់បន្ថយ ចំនួនម៉ោងធ្វើការមកត្រឹមតែ៨ម៉ោងក្នុង១ថ្ងៃ និងរារាំងមិនឱ្យរើសយកមនុស្សមកធ្វើការជំនួសកូដករ ដោយបិទច្រកមិនឱ្យពួកគេចូល។ ប៉ូលិស បានវាយកូដករដោយដំបង ចំណែកកូដករចោលដុំថ្មដាក់វិញ ប៉ូលិសតបដោយការបាញ់ទៅលើកូដករវិញ បណ្ដាលឱ្យមានមនុស្ស៥-៦នាក់ត្រូវបាត់បង់ជីវិត។
ថ្ងៃបន្ទាប់ ទី៤ ខែឧសភា ក្បួនបាតុកម្មមួយរៀបចំឡើងនៅទីលាន Haymarket Square ធ្វើការតវ៉ាអំពីអំពើហិង្សា ដែលបង្ក ឡើងដោយប៉ូលិស។ ប៉ូលិសបានបង្ខំឱ្យបាតុករធ្វើការបំបែកគ្នា រំពេចនោះគ្រាប់បែកមួយគ្រាប់បានចោលចូលមកក៏ផ្ទុះឡើង ធ្វើឱ្យមន្ដ្រីប៉ូលិសម្នាក់បានស្លាប់។ មានប៉ូលិសចំនួន៦០នាក់ និងជនស៊ីវិលចំនួន២០០នាក់ត្រូវទទួលរងរបួសនៅក្នុងហេតុការណ៍ហិង្សានោះ។ ជាសរុបមានប៉ូលិស ចំនួន១នាក់បានស្លាប់ភ្លាមៗ និង៧នាក់ទៀតស្លាប់នៅថ្ងៃបន្ទាប់។ ចំណែកជនស៊ីវិលបានស្លាប់ចំនួនពី៧-៨នាក់ ថ្នាក់ដឹកនាំសហជីពចំនួន៨នាក់ ដែលក្នុងនោះមានតែ៣នាក់ប៉ុណ្ណោះនៅកន្លែងកើតហេតុ ត្រូវបានគេចាប់កាត់ទោសឱ្យជាប់ពីបទធ្វើមនុស្សឃាត និងកាត់ទោសដាក់គុកអស់មួយជីវិតចំនួន៣នាក់ និងប្រហារជីវិតដោយព្យួរកចំនួន៤នាក់ មានតែម្នាក់ប៉ុណ្ណោះដែលត្រូវបានចាត់ទុកថាជាករណីលើកលែង។
ស្ថាបនិកទិវាពលកម្ម÷
ទិវាពលកម្មមានអាយុកាលជាង១០០ឆ្នាំមកហើយ តែមានចម្ងល់ថា នរណាជាអ្នកស្នើដំបូងគេនូវថ្ងៃបុណ្យជាតិសម្រាប់ការឈប់ សម្រាករបស់កម្មករ។ តាមកំណត់ត្រាខ្លះសរសេរថា លោក Peter J. Mcguire អគ្គលេខាធិការរបស់សម្ព័ន្ធរួបរួមជាងឈើ និងជាសហស្ថាបនិក សហព័ន្ធពលករអាមេរិកកាំង គឺជាអ្នកដំបូងគេដែលស្នើឱ្យមានទិវាសម្រាប់ផ្តល់នូវកិត្ដិយសដល់កម្មករទាំងឡាយណាដែលមានសេចក្ដីក្លាហាន និងបានពុះពារដ៏មហិមាបង្ហូរញើសឈាម ដើម្បីកសាង និងរក្សាបេះដូងរបស់សហរដ្ឋអាមេរិកឱ្យបានប្រសើរ។ ប៉ុន្ដែឋានៈរបស់លោក Peter Mcguire នៅក្នុងប្រវត្ដិសាស្ដ្រពលកម្មនៅមានភាពស្រពេចស្រពិល និងមិនទាន់មានការឯកភាពនៅឡើយទេ។
មនុស្សជាច្រើនជឿថា លោក មេតធ្យូ មេហ្គៀ (Matthew Maguire) មានមុខងារជាយន្ដការី គឺជាស្ថាបនិកនៃទិវាពលកម្មនេះគឺមិនមែនជាលោក Peter Mcguire ទេ។ បើតាមការស្រាវជ្រាវថ្មីៗនេះ ហាក់ដូចជាបានគាំទ្រនូវការអះអាងថា លោក មេតធ្យូ ជាលេខាធិការនៅមូលដ្ឋានលេខ៣៤៤របស់សមាគមយន្ដការីអន្ដរជាតិ នាទីក្រុង Paterson នៃរដ្ឋ New Jersey ជាអ្នកស្នើឱ្យមានការឈប់សម្រាកបុណ្យជាតិ សម្រាប់កម្មករនៅឆ្នាំ១៨៨២ ក្នុងខណៈដែលគាត់កំពុងបម្រើការជាលេខាធិការរបស់សហជីពពលករកណ្ដាលនៅទីក្រុងញូវយ៉ក៕
ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត