ព័ត៌មានទាន់ហេតុការណ៍៖

រណារយន្ត៥គ្រឿង និងបំណែកសំណាកសាច់ជ្រូកព្រៃ៥គីឡូក្រាម ត្រូវបានដុតកម្ទេចចោល, ម៉ូតូ៣គ្រឿងនាំយកមកស្នាក់ការ និងធ្វើកិច្ចសន្យាព្រមានអប់រំណែនាំមនុស្ស៦នាក់

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ រយៈពេល៧ថ្ងៃ នៅក្នុងសប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២១ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ចុះល្បាតក្នុងភូមិសាស្រ្តតំបន់អភិរក្ស និងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក ដោយមានការចូលរួមពីកម្លាំងនគរបាល និងភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ គាំទ្រដោយគម្រោងអង្គការ WWF បានចុះទប់ស្កាត់បទល្មើស ក្នុងខណៈមេឃមានភ្លៀងធ្លាក់ជោកជាំនៅតាមតំបន់ខ្លះ ហើយបានប្រមូលយករណារយន្តសរុប៥គ្រឿង និងបំណែកសំណាកសាច់ជ្រូកព្រៃទម្ងន់៥គ.ក្រ ទៅដុតកម្ទេចចោល។ 

ក្នុងប្រតិបត្តិការនេះ មន្រ្តីឧទ្យានុរក្ស និងក្រុមការងារទាំងអស់ បាននាំយកម៉ូតូជនសង្ស័យដែលចូលក្នុងតំបន់ហាមឃាត់សរុប៣គ្រឿង ទៅរក្សាទុកនៅស្នាក់ការបរិស្ថាន និងធ្វើកិច្ចសន្យាព្រមាន រួមទាំងអប់រំណែនាំមនុស្ស៦នាក់ ដែលចូលក្នុងតំបន់ការពារធម្មជាតិ ជាពិសេសក្នុងតំបន់ស្នូល ដោយគ្មានការអនុញ្ញាត។

ការបរបាញ់ និងការដាក់អន្ទាក់ចាប់សត្វព្រៃគ្រប់ប្រភេទ ជាអំពើខុសច្បាប់។

រួមគ្នាការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ៕

ដោយ៖ សូរិយា


ចែករំលែក៖