ភ្នំពេញ ៖ ដោយសារតែកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្នទើបរថយន្តស៊េរីទំនើប២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង ខណៈបើកមកដល់ចំណុចផ្លូវបំបែកជា៤មិនបន្ថយល្បឿនដូចគ្នា។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ កែងផ្លូវលេខ១២៦ ក្នុងសង្កាត់ផ្សារថ្មីទី១ ក្នុងមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក Camry ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-6101 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ៥១ក្នុងទិសដៅពីជើងទៅត្បូង ហើយស្របពេលគ្នានោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាក Alphard ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-0123 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ១២៦ក្នុង ទិសដៅពីលិចទៅកើត ខណៈរថយន្តទាំងពីរមកដល់ផ្លូវបំបែកជា៤ ផ្លូវលេខ៥១ កែងផ្លូវលេខ១២៦ ដែលជាចំណុចកើតហេតុ ស្រាប់តែរថយន្តទាំងពីរគ្រឿង មិនបន្ថយល្បឿនដូចគ្នាទើបបង្កជាករណីគ្រោះថ្នាក់ចរាចរណ៍ បុកគ្នាពេញទំហឹង បណ្តាលឱ្យរថយន្តCamry រងការខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំយ៉ាងដំណំ ចំណែករថយន្តAlphard មិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកជញ្ជាំងធនាគារមួយដែលនៅក្បែរកន្លែងកើតហេតុ ដោយរថយន្តនោះរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះទេ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចកើតហេតុ រួចធ្វើការវាស់វែងយករថយន្តទាំងពីរទៅរក្សាទុកនៅការិយាល័យចរចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយនៅពេលក្រោយតាមនីតិវិធីច្បាប់៕
ដោយ ៖ រ៉ារ៉ា