ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តស្ទឹងត្រែង ចេញសេចក្ដីសម្រេចស្ដីពីការ ផ្អាកជាបណ្ដោះអាសន្ន សកម្មភាពអាជីវកម្មលក់ដូរអាហារ-ភេសជ្ជៈ គ្រឿងស្រវឹងនិងផ្អាកការធ្វើចរាចរណ៍ នៅចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល១៤ថ្ងៃ ក្នុងភូមិសាស្ដ្រខេត្តស្ទឹងត្រែង

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរខេត្តស្ទឹងត្រែង ចេញសេចក្ដីសម្រេចស្ដីពីការ ផ្អាកជាបណ្ដោះអាសន្ន សកម្មភាពអាជីវកម្មលក់ដូរអាហារ-ភេសជ្ជៈ គ្រឿងស្រវឹង អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ តូបលក់ដូរទំនិញ ក្លឹប-សេវាកម្សាន្ដសប្បាយ ក្លឹប-ទីតាំងលេងកីឡា និងផ្អាកការធ្វើចរាចរណ៍ នៅចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល១៤ថ្ងៃ ក្នុងភូមិសាស្ដ្រខេត្តស្ទឹងត្រែង។
នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្ទឹងត្រែងសម្រេច:

ប្រការ ១.…ត្រូវបានផ្អាកជាបណ្តោះអាសន្នសកម្មភាពអាជីវកម្មលក់ដូរអាហារ -ភេសជ្ជៈ គ្រឿងស្រវឹង អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ-ភេសជ្ជៈ ភោជនីយដ្ឋាននៅតាមផ្ទះសំណាក់និងសណ្ឋាគារ តូបលក់ដូរទំនិញនិង អីវ៉ាន់ ក្លឹបកម្សាន្ត សេវាកម្មកម្សាន្តសប្បាយ ក្លឹបកីឡា-ទីតាំងលេងកីឡានៅតាមមូលដ្ឋានក្រុង ស្រុកក្នុងភូមិ សាស្រ្តខេត្តស្ទឹងត្រែង ក្នុងចន្លោះចាប់ពីម៉ោង ៨(ប្រាំបី)យប់ ដល់ម៉ោង ៥(ប្រាំ)ភ្លឺ ដែលមានថេរវេលា ១៤ (ដប់បួន)ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។
ប្រការ ២.…ត្រូវបានផ្អាកជាបណ្ដោះអាសន្នចំពោះការធ្វើចរាចរណ៍ ក្នុងចន្លោះចាប់ពីម៉ោង ៨(ប្រាំបី)យប់ ដល់ ម៉ោង ៥(ប្រាំ)ភ្លឺ ដែលមានថេរវេលា ១៤(ដប់បួន)ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ ការអនុវត្តវិធានការនេះត្រូវបានលើកលែងចំពោះករណីធ្វើដំណើរ ដូចមានចែងក្នុង មាត្រា៤ នៃអនុក្រឹត្យលេខ ៥៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ ប្រការ ៣.…ការអនុវត្តវិធានការរដ្ឋបាលជារួម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដូចមានចែងក្នុងសេចក្ដីណែនាំលេខ ០០៣/២១ សណន ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត នៅមានប្រសិទ្ធភាព និងសុពលភាពអនុវត្ត។
ការអនុវត្តវិធានការពិន័យអន្តរការណ៍ចំពោះបុគ្គល ឬនីតិបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល ក្នុង ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ត្រូវអនុលោមតាមបទប្បញ្ញត្តិ ដូចមានចែងក្នុងប្រកាសអន្តរក្រសួងលេខ ១០៤៥ ប្រក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ របស់ក្រសួង មហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសេចក្តីសម្រេចលេខ ០៣៦/២១ សសរ ចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។

ប្រការ ៤…បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៥…នាយករដ្ឋបាលសាលាខេត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការនៃបញ្ហាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងស្ទឹងត្រែង មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង-ស្រុក ប្រធាន មន្ទីរ-អង្គភាពក្នុងខេត្ត និងគ្រប់ផ្នែកពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖