ភ្នំពេញ៖ អត្ថបទដោយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គណកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានសំណេរថា, មកទទួលវ៉ាក់សាំងកូវីដ-១៩ ដោយសុវត្ថិភាព មិនត្រូវមកទទួលយកការចម្លងវីរុសកូវីដ-១៩ នៅកន្លែងចាក់វ៉ាក់សាំងនោះឡើយ។
លោកស្រីវេជ្ជបណ្ឌិតបានរំឮកថា, ខ្ញុំសូមគោរពជម្រាបជូនបងប្អូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញទាំងអស់មេត្តាជ្រាបថា៖ ដំណើរ ការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់បុគ្គលអាយុចាប់ពី ១៨ឆ្នាំឡើង នៅខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ បាននិងកំពុងតែដំណើរការចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នេះតទៅ។ ការចាត់ចែងរៀបចំសម្របសម្រួលជូនបងប្អូន និងការផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ គឺមានការ ទទួលខុសត្រូវរៀបចំចាត់ចែងចាក់ដោយអនុគណកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ក្រសួងការពារជាតិ មានកិច្ច សហការសម្របសម្រួលដោយរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាននៅតាមខណ្ឌនីមួយៗ។
វ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ចំនួន ៩០ម៉ឺនដូស (សម្រាប់ដូសទី១ និងដូសទី២) ត្រូវបាន ប្រគល់ជូនទៅ អនុគណកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ . ក្រសួងការពារជាតិ ដោយ គ.វ.ក-១៩ រួចហើយដែរ។ អាជ្ញាធរមូលដ្ឋាន នឹងមានការចាត់ចែងឱ្យបងប្អូនដែលមានអាយុ ១៨ឆ្នាំឡើង បានមកចាក់វ៉ាក់សាំងនេះ ដោយមានវេន មានពេលវេលា និងទៅតាមថ្ងៃនីមួយៗ ដើម្បីបញ្ចៀសបាននូវការកកស្ទះមនុស្សដែលអាចជា ការបង្កហានិភ័យនៃការចម្លងជំងឺកូវីដ-១៩។ ការចាក់វ៉ាក់សាំងកូវីដ-១៩ នាពេលនេះ ក៏បាន នឹងកំពុងតែប្រព្រឹត្ត ទៅប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតដល់បងប្អូនមានអាយុ ១៨ឆ្នាំឡើង ដែលរស់នៅក្នុងខណ្ឌទាំង៤ នេះ បានទទួលវ៉ាក់សាំងកូវីដ-១៩ នេះ គ្រប់ៗគ្នារួចរាល់ទាំង ២ដូស មិនថាជាជនជាតិខ្មែរ ឬជនជាតិបរទេស នោះឡើយ។
ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋនៅតាមខណ្ឌទាំង៤ខាងលើ មេត្តារក្សាសណ្ដាប់ធ្នាប់ល្អ មានវិន័យ ត្រឹមត្រូវ រក្សាបាននូវវិធានការការពារ (ពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី ១,៥ម៉ែត្រឡើង) ជា ចាំបាច់មានការសហការ ល្អជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចនៅតាមទីតាំងចាក់វ៉ាក់សាំងនិមួយៗ ។
ប្រសិនបើមិនទាន់ដល់ជនរបស់ខ្លួនទេនោះ មិនត្រូវមកប្រជ្រៀតគ្នា សូមមេត្តារងចាំដល់វេន ដល់ថ្ងៃកំណត់ដែល រៀបចំដោយអាជ្ញាធរមូលដ្ឋាន ចៀសវាងការមកជាន់ពេលគ្នានៅថ្ងៃតែមួយ ធ្វើឱ្យមានការកកកុញមនុស្សច្រើន ដែលអាចចម្លងជំងឺកូវីដ-១៩ បានគ្រប់ពេលវេលានៅទឹកកកុញនោះ និងត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុត ហើយនឹង ត្រូវចងចាំថា “យើងមកទទួលយកវ៉ាក់សាំងកូវីដ-១៩ មិនមែនមកទទួលយកវីរុសកូវីដ-១៩ មុនពេលបានចាក់ វ៉ាក់សាំងនោះឡើយ”។ ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺដើម្បីការពារភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ កាត់បន្ថយបាន នូវអត្រាសម្រាកពេទ្យ និងអត្រាស្លាប់ ដែលបណ្តាលមកពីការវាយលុកនៃសត្រូវអត់ស្រមោលកូវីដ-១៩ នៅក្នុង សរីរាង្គកាយរបស់យើង ហើយយើងក៏មិនចង់មកទទួលយកការចម្លងវីរុសកូវីដ-១៩ នៅកន្លែងដែលប្រជ្រៀតគ្នា ដើម្បីចាក់វ៉ាក់សាំងនេះដែរ។ សុខភាពរបស់បងប្អូន គឺបានមកពីការអនុវត្តការការពារផ្ទាល់ខ្លួន ដោយមិនមាន អ្នកណាអាចជួយធ្វើជំនួសបានឡើយ ការឆ្លងជំងឺកូវីដ-១៩ ឬមិនឆ្លង អាស្រ័យលើបុគ្គលផ្ទាល់ដែលជាអ្នកអនុ វត្តនូវវិធានការការពារកុំឱ្យមានការចម្លងវីរុសកូវីដ-១៩។
សូមកុំភ្លេចថា បុគ្គល គឺជាអ្នកការពារសុខភាពដ៏ចំណានម្នាក់ សម្រាប់ធ្វើឱ្យបានល្អប្រសើរឡើងនូវសុខ ភាពបុគ្គលផ្ទាល់ខ្លួនឯង រីឯ គ្រូពេទ្យ គឺគ្រាន់តែជាអ្នកជួយសង្គ្រោះអាយុជីវិតបុគ្គលណាម្នាក់ នៅពេលដែល បុគ្គលនោះ មានជំងឺ ឬកំពុងតែឈឺហើយតែប៉ុណ្ណោះ ជួនកាលជួយបានរួចផុតពីសេចក្តីស្លាប់ ជួនកាលជួយមិន បាន ក៏មានការស្លាប់បាត់បង់ជីវិត។ វីរុសកូវីដ-១៩ នេះ នឹងបន្តរស់នៅជាមួយយើងជាយូរអង្វែងទៀត ដែលតម្រូវ ឱ្យបុគ្គលម្នាក់ៗ ត្រូវចេះ រស់នៅធម្មតាតាមបែបគន្លងថ្មី និងមិនត្រូវមានការធ្វេសប្រហែសនោះឡើយ។
លោកស្រីវេជ្ជបណ្ឌិតបន្តថា, ខ្ញុំសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នូវសុខភាពល្អ សំណាងល្អទាំងអស់គ្នា ដែលបាន មកពីការអនុវត្តវិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងដោយសុវត្ថិភាព និងមានវេនចាក់ត្រឹមត្រូវ + នៅផ្ទះ (ប្រសិនបើមិនមានការងារចាំបាច់អ្វីទេនោះ មិនត្រូវចេញដើរក្រៅផ្ទះឡើយ និងបានចៀសផុតពីការគម្រាម កំហែងសុខភាពសាធារណៈនៃជំងឺកូវីដ-១៩ នេះ គ្រប់ៗគ្នា។
សូមអរគុណជាអនេកកប្បការ នូវរាល់ការយកចិត្តដាក់អនុវត្តវិធានការដូចបានជម្រាបជូនខាងលើនេះ៕
ដោយ៖ សុខ ខេមរា