ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មទ្រង់ទ្រាយធំនៅក្នុងប្រទេស អាល្លឺម៉ង់ បារាំង អង់គ្លេស បណ្តាលឲ្យប៉ូលិសជាច្រើនរងរបួស

ចែករំលែក៖

ក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រុមពលករ បានវាយប្រហារ បំផ្លាញទីសាធារណៈ បាញ់កាំជ្រួចទៅលើកម្លាំងប៉ូលិស គប់ដបទឹក បណ្តាលឲ្យប៉ូលិស អាល្លឺម៉ង់ ២០ នាក់រងរបួស ។ នៅថ្ងៃទី ២ខែឧសភា កម្លាំងសន្តិសុខអាល្លឺម៉ង់ ប្រកាសថា មានក្រុមបាតុករជ្រុលនិយម ២៤០នាក់ បង្កអំពើហិង្សា ទៅលើកម្លាំងប៉ូលិស។
នៅក្នុងរដ្ឋធានីប៊ែកឡាំង មានពលរដ្ឋប្រមានជាង ៣០ម៉ឺននាក់ បានដង្ហែរក្បួនបាតុកម្ម នៅក្នុងទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ខែឧសភា ដោយភាគច្រើនបាតុកម្មកើតឡើងដោយសន្តិភាព។ ប៉ុន្តែ ស្ថានភាពក្លាយជាហិង្សា ក្រោយពេលដែលក្រុមជ្រុលនិយមវាយប្រហារទៅលើកម្លាំងប៉ូលិស ។
ក្រៅពីទីក្រុង ប៊ែកឡាំង នៅមានទីក្រុង ប៉ារីស ទីក្រុងឡុងដុងប្រទេសអង់គ្លេស ក៏រងការធ្វើបាតុកម្មប្រឆាំងជាទ្រង់ទ្រាយធំផងដែរ បើទោះបីនៅបន្តហាមប្រាមជួបជុំគ្នា ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។
នៅក្នុងប្រទេសបារាំង ក្រុមបាតុករអាវខ្មៅ បានប៉ះទង្គិចជាមួយកម្លាំងប៉ូលិស នៅទីក្រុងប៉ារីស ។ ក្រុមបាតុករបានទាមទារតម្លាភាពសង្គម និងសេដ្ឋកិច្ច ។ ក្រសួងមហាផ្ទៃបារាំង បានឲ្យដឹងថា មានបាតុកម្មជាង ១សែននាក់នៅក្នុងប្រទេសបារាំង ក្នុងនោះមាន១៧ពាន់នាក់នៅទីក្រុងប៉ារីស ។
ចំណែកនៅទីក្រុងឡុងដុងវិញ ក៏មានបាតុកម្មជាង ១ពាន់នាក់ ប្រឆាំងរដ្ឋាភិបាល។ កម្លាំងប៉ូលិសក៏បានចាប់ខ្លួនមនុស្ស ៩នាក់ផងដែរ ដែលបង្កអំពើហិង្សា៕ដោយ៖ ធីរីណា

រូបភាព៖ DW

រូបភាព៖Reuters 


ចែករំលែក៖