ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីអំពាវនាវស្ដីពីការរក្សាថ្លៃទំនិញលើទីផ្សារ និងសកម្មភាពសេវាកម្មគ្រប់ប្រភេទក្នុងខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តស្ទឹងត្រែង មានកិត្តិយសសូមយកឱកាសនេះ ដើម្បីអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ អ្នកលក់ដូរស្បៀងអាហារ មុខទំនិញ និង សកម្មភាពសេវាកម្មគ្រប់ប្រភេទ ក្នុងខេត្តស្ទឹងត្រែង ដើម្បីបានជ្រាបថា ក្នុងគ្រាដ៏លំបាកស្មុគស្មាញនិង បញ្ហាប្រឈមធ្ងន់ធ្ងរពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីធានាបានការសម្រួលដល់រាល់ការលំបាក របស់ប្រជាពលរដ្ឋទូទៅ និងក្នុងស្មារតីសាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរក្រោមដំបូលសន្តិភាពនៃយើងទាំង អស់គ្នា មានការឯកភាពគ្នាជាធ្លុងមួយ ការយោគយល់ប្រកបដោយសេចក្តីស្រឡាញ់ ទទួលបាននូវ សុខដុមរមនាក្នុងសង្គម និងរួមគ្នាកាត់បន្ថយបាននូវផលប៉ះពាល់ខាងជីវភាពរស់នៅរបស់ប្រជាជន និង សេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្ត រដ្ឋបាលខេត្តស្ទឹងត្រែង សូមស្នើឲ្យមានការរក្សាថ្លៃលក់ដូរស្បៀងអាហារ មុខទំនិញ និងសកម្មភាពសេវាកម្មគ្រប់ប្រភេទនៅលើទីផ្សារ និងកន្លែងលក់ដូរនានាក្នុងភូមិសាស្ត្រខេត្ត ស្ទឹងត្រែង ដោយពុំត្រូវមានការតម្លើងថ្លៃលក់ណាមួយឡើយ។

ខណៈពេលនេះ រដ្ឋបាលខេត្ត សូមសំណូមពរ និងស្នើសុំដល់សាធារណជន ប្រជាពលរដ្ឋ ប្រជា កសិករទាំងអស់ បន្តខិតខំប្រកបមុខរបរ ធ្វើអាជីវកម្ម ការផ្តល់សេវាកម្ម និងជំរុញការងារបង្កបង្កើនផល ក្នុងការលើកកម្ពស់ជីវភាពគ្រួសារ សេដ្ឋកិច្ចសង្គម ស្របតាមគោលការណ៍បទប្បញ្ញត្តិនៃបរិបទនេះ និង សូមរួមគា្នបន្តអនុវត្តគោលការណ៍ «៣ការពារ និង៣កុំ” និងវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដើម្បី ប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តស្ទឹងត្រែង មានក្តីសង្ឃឹមយ៉ាងមុតមាំ និងជឿជាក់ថាម្ចាស់ក្រុមហ៊ុន សហគ្រាស ហាងលក់ទំនិញ ម្ចាស់សេវាកម្ម បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមសេចក្តី អំពាវនាវនេះបានយ៉ាងល្អប្រសើរ ដើម្បីជាឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន៕

ដោយ ៖ សិលា


ចែករំលែក៖