ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ វរសេនីយ៍ត្រី ងួន ធានី នាយករងសាលាពលទាហានទី២ បានទទួលអំណោយដ៏ថ្លៃថ្លារបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី តាមរយ: វរសេនីយ៍ឯក សន ធីម មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ចាម រួមមាន អង្ករ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធន: និង ថវិកា សម្រាប់ទ្រទ្រង់ការងារសាលា និងយោធាចារ្យ នៅសាលាពលទាហានទី២ ក្នុងខេត្តត្បូងឃ្មុំ។
ការឧបត្ថម្ភនេះជាការយកចិត្តទុកដាក់របស់ លោក មេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី ដល់ខឿនអប់រំដែលជាថ្នាលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៏ បណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយោធិននៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ យោធាចារ្យ និង សិក្ខាកាមទាំងអស់ដែលកំពុងបម្រើការតាមតួនាទីភារកិច្ចរបស់ខ្លួន។ មានប្រសាសន៍ក្នុងឱកាសនោះ វរសេនីយ៍ត្រី ងួន ធានី តាងនាមឲ្យថ្នាក់ដឹកនាំ យោធាចារ្យ និងសិក្ខាកាមនៃសាលាពលទាហានទី២ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក មេបញ្ជាការ និង លោកស្រី ដែលជានិច្ចជាកាលតែង គិតគូរ ដល់សុខទុក្ខ និងសុខមាលភាពរបស់យោធិនដែលបម្រើដល់ថ្នាលបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ហើយជាកិច្ចតបស្នង យោធិនគ្រប់រូបប្តេជ្ញាបន្តយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយចីរភាពជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋរបស់យើង៕
ដោយ ៖ សិលា