ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើកោសល្យវិច័យគ្រោងឆ្អឹងសាកសព ក្រោយទទួលព័ត៌មានពីអ្នកដើររកឃ្មុំ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កាលពីល្ងាចថ្ងៃអាទិត្យ ៦រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ ក្រុមគ្រូរពេទ្យ ចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីពិនិត្យ និងធ្វើការស្រាវជ្រាវជុំវិញករណីអត្តឃាត បន្ទាប់ទទួលព័ត៌មានពីប្រជាពលរដ្ឋដើររកឃ្មុំម្នាក់ឈ្មោះ ពៅ ណាក់ ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៏ ខេត្តកំពង់ឆ្នាំង ។

មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ករណីសមត្ថកិច្ចសហការគ្នាចុះពិនិត្យ និងធ្វើការស្រាវជ្រាវ ជុំវិញហេតុការណ៍ប្រទះឃើញគ្រោងឆ្អឹងសាកសពខាងលើ នៅក្នុងព្រៃរនាមមាត់បឹងទន្លេសាប ត្រង់ចំណុចដើមឈើ(កន្សែង)ស្ថិតនៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកដដែលបន្តទៀតថា ក្រោយសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងពិនិត្យយ៉ាងយកចិត្តទុកដាក់រួចរាល់ ជនរងគ្រោះ(សព)ចង.កធ្វើអត្តឃាតដោយខ្សែអង្រឹងពណ៌ខៀវ ចងភ្ជាប់ទៅមែកឈើដើម(កន្សែង)សពមានសភាពរលួចសាច់អស់មើលពុំស្គាល់ ឆ្អឹងជ្រុះត្រឹមចង្កេះចុះក្រោមជាបំណែកៗ សពពាក់អាវដៃវែង ពណ៏ផ្ទៃមេឃ អាវយឺតក្នុង ពណ៌ខៀវ ស្លៀកខោជើងវែង ពណ៌ខ្មៅ ។  សព៖ ភេទប្រុស អាយុអាចលើស៤០ឆ្នាំ អាចស្លាប់លើសពីម្ពៃថ្ងៃ ។

ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា ក្បែរសាកសពលើដើមឈើមានកាបូបស្ពាយ១ ម៉ាក DUSLANG ក្នុងកាបូបមានអាវដៃវែង ពណ៌ផ្ទៃមេឃ១ ស្បែកជើង១គូរ មួក១ កាបូបតូច១ មានលុយចំនួន២០,៨៥០០រៀល លុយបាតចំនួន១០កាក់ ម៉ាស់១ កញ្ចប់បារី លុចសារី១(គ្មានបារី)ដបតូចមានអាកុលកន្លះដប ដបទឹកសុទ្ធគ្មានទឹក១ដប សម្ភារពាក់ព័ន្ធ និងសាកសព ប្រគល់ជូនមន្រ្តីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់ បន្តនីតិវិធី ដើម្បីបន្តធ្វើការស្រាវជ្រាវរកអត្តសញ្ញាណ ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖