ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក វណ្ណ ហាស់វារី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ សហការជាមួយកម្លាំងអធិការដ្ឋានខណ្ឌមានជ័យ ដឹកនាំកម្លាំងចម្រុះរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចុះឡោមព័ទ្ធបង្រ្កាប និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៥នាក់ ដែលជួបជុំគ្នាហូបចុកផឹកស្រាជល់កែវយ៉ាងសប្បាយរីករាយ ល្មើសនឹងបំពានបំរាមរបស់រាជរដ្ឋាភិបាល និង វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។ ក្នុងប្រតិបត្តិការនេះ ពេលកម្លាំងសមត្ថកិច្ចចុះបង្រ្កាបជាក់ស្ដែង ខណៈដែលជនប្រុសស្រីខាងលេីនេះ បានយករថយន្តចំនួន ៣គ្រឿងព័ទ្ធជុំវិញបាំងកុំឲ្យគេឃើញ នៅចំណុចច្រកចូលសាលាខណ្ឌមានជ័យ ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នាល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ ក្រោយបង្រ្កាប និងឃាត់ខ្លួនពួកគេទាំង៥នាក់នេះ សមត្ថកិច្ចបានធ្វើការសាកសួរ និងប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ យកទៅអប់រំណែនាំធ្វើការតាមច្បាប់ និងដកហូតរថយន្ត៣គ្រឿង និងម៉ូតូ៣គ្រឿងទុកបណ្ដោះអាសន្នសិន រង់ចាំការសម្រេចរបស់ថ្នាក់លេីនាពេលក្រោយ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទាំងអស់ ចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ តាមការអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន និងចូលរួម អនុវត្តនូវសេចក្ដីសម្រេច របស់ រាជរដ្ឋាភិបាល ដែលបានចេញសេចក្ដីសម្រេច បិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រសិនបើគ្មានការចាំបាច់ទេសូមកុំចេញពីផ្ទះ៕ដោយ៖សហការី