ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌា៖​ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ បន្ត​រកឃើញអ្នកឆ្លងកូវីដ-១៩​ ជាង៣៦ម៉ឺន​នាក់ទៀត និងអ្នកជំងឺ​ជាង​ ៣ពាន់នាក់ស្លាប់

ចែករំលែក៖

អន្តរជាតិ​៖ បើយោងតាម​ក្រសួងសុខាភិបាល​ឥណ្ឌា​ នៅថ្ងៃចន្ទទី៣​ ខែឧសភា ឆ្នាំ២០២១នេះ​ បានប្រកាសបន្តរកឃេីញករណី​អ្នកឆ្លងជំងឺ COVID-19ថ្មី​ ចំនួន ៣៦៨,១៤៧នាក់បន្ថែមទៀត​ និងអ្នកជំងឺ ៣,៤១៧នាក់ទៀតស្លាប់ គិតត្រឹម​តែរយៈពេល ២៤ម៉ោងកន្លងទៅនេះ នៅទូទាំងប្រទេសឥណ្ឌា​។

បើតាម​ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៣ ខែឧសភានេះដែរ​ បានចុះផ្សាយថា​ ក្រោយការបូកបន្ថែមទិន្នន័យខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនជិតដល់ ២០លានករណី។ ក្នុងនោះមានអ្នកស្លាប់សរុប ២១៨,៩៤៩នាក់ និងជាសះស្បើយឡើងវិញ ១៦.៣លាននាក់ ខណៈអ្នកជំងឺរហូតដល់ទៅជាង៣,៤០០,០០០នាក់ កំពុងស្ថិតក្នុងការព្យាបាល។

គួរជម្រាបថា​ ទិន្នន័យខាងលើនេះ គឺនៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល ខណៈអ្នកជំនាញជាច្រើនបានបន្តព្រមានថា តួលេខឆ្លងជាក់ស្តែងអាចនឹងមានច្រើន ជាងតួលេខដែលត្រូវបានប្រកាសជាផ្លូវការ ប្រសិនបើការធ្វើតេស្ត ត្រូវបានធ្វើឡើងដោយគ្រប់ជ្រុងជ្រោយនោះ។

ដោយ​ឡែក​ជុំវិញបញ្ហានេះដែរ​ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង ដែលជាក្តីសង្ឃឹមធំមួយសម្រាប់ឥណ្ឌា ក្នុងការទប់ទល់នឹងវិបត្តិ COVID-19។ ជាក់ស្ដែង​គិតត្រឹមថ្ងៃអាទិត្យទី២​ ខែឧសភា​ម្សិលមិញនេះ​ បានសម្រេចប្រមាណ ១៥៧លានដូសហើយ ខណៈប្រជាជនឥណ្ឌាសរុបមានរហូតដល់ទៅជាង ១,៣០០លាននាក់​ ឯណ្ណោះ៕ដោយ​៖ស​ តារា​


ចែករំលែក៖