ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចាត់ការក្រុម Valencia លោក Javi Gracia ត្រូវបណ្តេញចេញបន្ទាប់ពីដឹកនាំទទួលលទ្ធផលមិនបានល្អ

ចែករំលែក៖

ក្លិប Valencia នៅលីគកំពូលអេស្ប៉ាញបានបណ្តេញគ្រូបង្វឹកលោក JaviGracia ចេញពីតំណែងបន្ទាប់ពីទទួលបន្ទុកបានតែ១០ខែប៉ុណ្ណោះ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃម្សិលមិញ។

ការបរាជ័យ ៣-២ របស់ក្រុមនេះក្រោមថ្វីជើងក្រុម Barcelona នៅក្របខ័ណ្ឌ La Liga កាលពីថ្ងៃអាទិត្យបានធ្វើឲ្យពួកគេនៅលើក្រុមក្នុងតំបន់កាត់ចោលតែ៦ពិន្ទុប៉ុណ្ណោះ។ អតីតគ្រូបង្វឹកក្រុម Watford រូបនេះចាកចេញដោយឈ្នះបានតែ៨ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ។

សេចក្តីថ្លែងការណ៍មួយបាននិយាយថា ក្លិបចង់អរគុណដល់លោក JaviGracia ចំពោះការងារ និងការលះបង់របស់គាត់ក្នុងអំឡុងពេលប៉ុន្មានខែនេះក្នុងការដឹកនាំក្រុម ហើយសូមជូនពរឱ្យគាត់ទទួលបានជោគជ័យបំផុតសម្រាប់អនាគត

ក្រុមជើងឯកអេស្ប៉ាញ៦សម័យ Valencia បច្ចុប្បន្នកំពុងឈរនៅលំដាប់ទី១៤ក្នុងតារាង La Liga ដោយនៅសល់៤ប្រកួតទៀតនឹងចប់រដូវកាល

ជំនួយការរបស់អ្នកចាត់ការទូទៅលោក Salvador Gonzalez ‘Voroនឹងដឹកនាំក្រុមជំនួស ដោយឈរលើមូលដ្ឋានបណ្តោះអាសន្ន។

សូមបញ្ជាក់ថា ក្រុម Valencia បច្ចុប្បន្នកំពុងឈរលេខរៀងទី១៤ មាន៣៦ពិន្ទុ ក្នុង៣៤ប្រកួតកន្លងទៅ។ ១០ប្រកួតចុងក្រោយរបស់ក្រុម Valencia គឺឈ្នះតែ២ដងប៉ុណ្ណោះ ដោយចាញ់៥ប្រកួត និងស្មើ៣ប្រកួត។ ក្រុមនេះនឹងត្រូវប៉ះក្រុមភ្ញៀវ Real Valladolid នៅលីគកំពូលអេស្ប៉ាញនៅថ្ងៃទី៩ ឧសភាខាងមុខ សម្រាប់ការប្រកួតសប្តាហ៍ទី៣៥របស់ខ្លួន ៕

ដោយ ៖ ភារៈ


ចែករំលែក៖