មហាសេដ្ឋី Bill Gates និងភរិយា Melinda Gates ដែលជាអ្នកបរិច្ចាគមនុស្សធម៌ដ៏មាន ឥទ្ធិពលបំផុតលើពិភពលោក បានប្រកាសថានឹងលែងលះគ្នា ក្រោយការរួមរស់ជាមួយគ្នា២៧ឆ្នាំ មានកូន៣នាក់។
នៅក្នុងសេចក្តីប្រកាសលើបណ្តាញសង្គមTwitter មហាសេដ្ឋី Bill Gates និងភរិយា Melinda Gates បានប្រកាសលែងលះគ្នា បង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ ។ មហាសេដ្ឋី Bill Gates និងភរិយា Melinda Gates គឺជាអ្នកដឹកនាំមូលនិធិមនុស្សធម៌ មានទឹកប្រាក់រាប់ពាន់លានដុល្លារ ។ មូលនិធិ Bill Gates និងភរិយា Melinda Gates មានទឹកប្រាក់កើនឡើងរហូតដល់ទៅ៥១ពាន់លានដុល្លារ។
សារព័ត៌មាន New York Times បានផ្សាយថា គ្រួសារ Bill Gates និងភរិយា Melinda Gates បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ លើពិភពលោក។ ការចែកផ្លូវគ្នា នឹងប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពមនុស្សធម៌ សុខភាពសាធារណៈនិងអាជីវកម្ម។
ការលែងលះគ្នាបង្កឲ្យមានសំណួរជាច្រើនពាក់ព័ន្ធនឹងការបែងចែកទ្រព្យសម្បត្តិ ហើយមកទល់ពេលនេះ មិនទាន់ដឹងពីការបែងចែកទ្រព្យសម្បត្តិនៅឡើយទេ ៕ ដោយ៖ធីរីណា
រូបភាព៖Getty