ព័ត៌មានទាន់ហេតុការណ៍៖

ទទួលដំណឹងបឋបថា, អភិបាលខេត្តកំពង់ឆ្នាំង បានដកបញ្ឈរជើង អភិបាលស្រុកសាមគ្គីមានជ័យ ដែលអន់ចរិកយកកាំភ្លើងបាញ់គោអ្នកស្រុកសម្លាប់ ក្នុងបរិវេណសាលាស្រុកនោះហើយ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ តាមដំណឹងបឋម, លោក វន សុផា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលបានយកកាំភ្លើងអាកាបត់ បាញ់សម្លាប់ គោអ្នកស្រុកក្នុងបរិវេណសាលាស្រុក កាលពីពេលថ្មីៗកន្លងទៅនេះ ត្រូវបានគណៈបញ្ជាការឯកភាពខេត្ត ដាក់ពិន័យរដ្ឋបាល(ដកបញ្ឈរជើងបណ្ដោះអាសន្ន) ។ នេះបើយោងតាមមន្ត្រីសាលាខេត្ត បានលើកឡើងនៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីគណៈបញ្ជាការឯកភាពខេត្តបានបើកកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នោះ។

សូមបញ្ជាក់ថា, លោក វន សុផា អភិបាលស្រុកសាមគ្គីមានជ័យ បានយកកាំភ្លើងអាកាបត់ បាញ់ចំនួន២ គ្រាប់ នៅក្នុងបរិវេណសាលាស្រុក បណ្ដាលត្រូវគោអ្នកស្រុកងាប់ មួយក្បាល ។

ដំបូងឡើយអភិបាលរូបនេះបានធ្វើការបដិសេធថាខ្លួនមិនបានបាញ់នោះឡើយ។ ដល់ពេលកម្លាំងនគរបាលខេត្តចុះមកធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទើបលោកវន សុផា អភិបាលស្រុក សារភាពថាខ្លួនពិតជាបានយកកាំភ្លើងអាកាបត់បាញ់ចំនួន ២គ្រាប់ដើម្បីស្ដារកាណុង ប៉ុន្តែផ្លាតគ្រាប់ ក៏ត្រូវគោស្លាប់នៅក្នុងបរិវេណសាលាស្រុក។ ដោយឡែកអធិការនគរបាលស្រុកវិញ ក៏បានជួយបង្វែររឿងនេះដោយឆ្លើយទាំងបំពានថា, គ្មានអ្នកណាបាញ់នៅក្នុងបរិវេណសាលាស្រុកទេ គឺគោដែលស្លាប់នោះត្រូវដុំថ្មតែប៉ុណ្ណោះ។ ទីបំផុតទាំងអភិបាលស្រុក ទាំងអធិការស្រុក ហើបមាត់លេងរួច ខណៈការឆ្លើយផ្ទុយពីអង្គហេតុនៃអំពើដែលអភិបាលស្រុកនោះបានប្រព្រឹត្តបំពានមកលើគោ ប្រជាពលរដ្ឋស្លូតត្រង់។
ប្រសិនបើមានករណីដកបញ្ឈរជើងអភិបាលស្រុករូបនេះ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ តាមមន្ទីរជុំវិញខេត្ត ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកសាមគ្គីមានជ័យ គាំទ្រចំពោះចំណាត់ការអភិបាលខេត្ត ធ្វើទៅលើអភិបាលស្រុកដែលគ្មានភាពទទួលខុសត្រូវក្នុងនាមជាថ្នាក់ដឹកនាំ ហើយបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏អាស្រូវក្នុងសង្គម ដែលបច្ចុប្បន្នថ្នាក់លើកំពុងតែអនុវត្តយ៉ាងមានតម្លារភាពចំពោះយុត្តិធម៌សង្គម៕

ដោយ ៖ សិលា


ចែករំលែក៖