ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលការដ្ឋានស្ដារប្រព័ន្ធលូបង្ហូរទឹក ក្នុងក្រុងសែនមនោរម្យ ដែលកំពុងកកស្ទះ ត្រង់ចំណុចរង្វង់មូលគោព្រៃ រហូតដល់ចំណុចផ្ទះសំណាក់អារុណរះ២ ហើយការកកស្ទះនេះ បានបណ្ដាលឲ្យប្រព័ន្ធលូសាយភាយក្លិនមិនល្អ ដល់ប្រជាពលរដ្ឋនៅរដូវប្រាំង ចំណែករដូវវស្សានៅពេលទឹកហូរខ្លាំង ទឹកនឹងហៀចេញមកខាងក្រៅប៉ះពាល់ទៅដល់ផ្នែកផ្សេងៗទៀត ។
លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានណែនាំដល់មន្ត្រីជំនាញពិនិត្យមើល មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋបង្ហូរកាកសំណល់ ឬទឹកកង្វក់ចូលទៅក្នុងប្រ័ពន្ធលូនោះទេ ដែលនេះជាកត្តាមួយធ្វើឲ្យលូមានការកកស្ទះ ។ លោកអភិបាល ក៏បានប្រាប់ទៅមន្ត្រីជំនាញពាក់ព័ន្ធ ឲ្យរៀបចំសណ្ដាប់ធ្នាប់សាធារណៈ មានរបៀបរៀបរយ ធ្វើយ៉ាងណាឲ្យក្រុងសែនមនោរម្យមានសោភ័ណ្ឌភាពល្អ សម្រាប់ទាក់ទាញអ្នកទេសចរនៅពេលខាងមុខ ។
លោក ស្វាយ សំអ៊ាង បានថ្លែងទៀតថា ការស្ដារប្រព័ន្ធប្រឡាយបង្ហូរទឹក ជាគម្រោងរបស់មន្ទីរសារធាណការ និងដឹកជញ្ជូនខេត្ត ដោយចាប់ផ្ដើមអនុវត្តកាយដីដែលកំពុងកកស្ទះនៅក្នុងប្រឡាយចេញសម្រួលដល់ផ្លូវទឹកហូរ មិនឲ្យចាល់ហៀរចេញមកខាងក្រៅនៅរដូវរស្សា នឹងមិនឲ្យមានក្លិនស្អុយសាយភាយមកខាងក្រៅនៅរដូវប្រាំង។
សូមបញ្ជាក់ថា ទន្ទឹមនិងវិបត្តិវិរុសកូវីដ-១៩ ដែលខេត្តមណ្ឌលគិរី ក៏បានរងនូវផលប៉ះពាល់មួយនេះ ប៉ុន្តែរដ្ឋបាលខេត្តមិនបញ្ឈប់សកម្មភាពអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធនានានោះទេ តួយ៉ាងរដ្ឋបាលខេត្តកំពុងរៀបចំសាងសង់សួនច្បារដ៏ធំ ក្នុងក្រុងសែនមនោរម្យ ហើយបាននិងកំពុងលើកកម្ពស់ការអភិវឌ្ឍន៍វិស័យទេសចរណ៍យ៉ាងខ្លាំងផងដែរ៕
ដោយ៖សូរិយា