ព័ត៌មានទាន់ហេតុការណ៍៖

មេខ្លោងម្នាក់ដែលកៀរគរពលរដ្ឋទៅកាប់ទន្រ្ទានដីព្រៃយកធ្វើជាកម្មសិទ្ធិត្រូវកម្លាំងមន្ទីរស្រាវជ្រាវកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនបានហើយ

ចែករំលែក៖

ខេត្តក្រចេះ៖ ជនសង្ស័យម្នាក់ជាមេខ្លោងដែលកៀរគរប្រជាពលរដ្ឋឱ្យទៅកាប់រានទន្រ្ទានឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះត្រូវបានកម្លាំងកងរាជអាវុធហត្ថនៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។

ការឃាត់ខ្លួននោះកម្លាំងកងរាជអាវុធហត្ថនៃមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសបានធ្វើឡើងនៅល្ងាចថ្ងៃទី៤ខែឧសភាឆ្នាំ២០២១ត្រង់ចំណុចស្ពានទេរ ភូមិរកាកណ្ដាល សង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។

ការចុះឃាត់ខ្លួនជនសង្ស័យនោះដឹកនាំកម្លាំងដោយលោក គង់ ហាន ប្រធានមន្ទីរស្រាវជ្រាវបានធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក តុបឈុនហេង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តក្រចេះ។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ប្រិច បារាំង ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាប់ចោទពីបទកាប់រានព្រៃឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធដីព្រៃដោយខុសច្បាប់តាំងពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នៅចំណុចអូរក្រមាល់ភូមិកសាង ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្រោយឃាត់ខ្លួនជនសង្ស័យកម្លាំងសមត្ថកិច្ចបាននាំទៅមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរង់ចាំចំណាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ជីវន្ត


ចែករំលែក៖