ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ទទួលអំណោយសប្បុរសជនចំនួន៣ក្រុមជាស្បៀងអាហារនិងសម្ភារការពារជំងឺរាតត្បាតដើម្បីជួយឧបត្ថម្ភដល់ពលរដ្ឋក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលអំណោយពី សប្បុរសជន ដែលក្នុងនោះមានសមាគមធនាគារនៅកម្ពុជា ក្រុមហ៊ុនអង្គរឌែរី ប្រូផាកខូអិលធីឌី និងក្រុមហ៊ុនណិកស៍ជេនើរេសិន ឌីស្ទ្រីប៊្យូសិន ឯក បានប្រគល់ថវិកា ស្បៀងអាហារនិងសម្ភារការពារជំងឺរាតត្បាតជូនរដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភជូនប្រជាពលរដ្ឋក្នុងការទប់ស្កាត់ការរីករាលដាលកូវីដ-១៩ ។

   ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយក្រុមហ៊ុន២ទៀត ទទួលដោយអភិបាលរងរាជធានីភ្នំពេញចំនូន២រូបទៀត ។

  អំណោយរបស់សមាគមធនាគារនៅកម្ពុជា ដែលទទួលដោយលោកឃួង ស្រេង រួមមានថវិកាចំនួន២,៥០០ដុល្លារ អង្ករចំនួន២៣តោន ត្រីខកំប៉ុងចំនួន ១,១២៩យួរ មីម៉ាម៉ាចំនួន១,២០០កំប៉ុង ម៉ាស់ចំនួន៥.៧០០ប្រអប់ ទឹកជែលលាងដៃចំនួន២,៧០០ដបនិងទឹកអាល់កុល ចំនួន១,២០០លីត្រ ។ 

   ក្រុមហ៊ុនអង្គរឌែរី ប្រូផាក ខូ អិលធីឌី ដែលទទួលដោយលោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានប្រគល់ទឹកដោះគោស្រស់ចំនួន១០០០កេសជូនរដ្ឋបាលរាជធានីភ្នំពេញ ។ ចំណែក ក្រុមហ៊ុនណិកស៏ជេនើរេសិន ឌីស្ទ្រីប៊្យូសិន បានប្រគល់អង្គរចំនួន៥០០ គីឡូក្រាម ត្រីខកំប៉ុង៥០យូរ មី៥០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈលោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ផងដែរ ។

  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណចំពោះសប្បុរសជនទាំង៣ក្រុមដែលបានឧបត្ថម្ភថវិកា ស្បៀងអាហារនិងសម្ភារការពារជំងឺរាតត្បាត ជូនរដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ។ 

   តាមរយៈកាយវិការដ៏ល្អប្រពៃប្រកប ដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើ បុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីមេរោគកូវីដ-១៩ ៕

                                           

ដោយ៖ សំរិត


ចែករំលែក៖