អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នឹងបំពេញទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូងចាប់តាំងពីការឡើងកាន់តំណែងមក ។ នៅថ្ងៃទី៧-៨ ខែមិថុនាលោកស្រីនឹងអញ្ជើញទៅកាន់ប្រទេស Guatemala និង ម៉ិចស៊ីកូ។
នៅថ្ងៃទី ៥ខែឧសភា អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានបញ្ជាក់ថាលោកស្រីនឹងទៅកាន់ប្រទេសហ្គាតេម៉ាឡា និងម៉ិចស៊ីកូ នៅថ្ងៃទី ៧-៨ខែមិថុនា ដើម្បីពិភាក្សាស្តីពី បញ្ហាជនភៀសខ្លួននៅតំបន់ព្រំដែនភាគខាងត្បូងអាមេរិក។
អនុប្រធានាធិបតី កាម៉ាឡា ហា
រីសបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា «បច្ចុប្បន្ន គម្រោងទៅកាន់ប្រទេសម៉ិចស៊ីកូ និង ហ្គាតេម៉ាឡា នៅថ្ងៃទី ៧-៨ខែមិថុនា ហើយខ្ញុំរំពឹងក្នុងការបំពេញទស្សនកិច្ចនេះ»។
ក្រោយទទួលតំណែងជាអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស ក៏បានទូរស័ព្ទពិភាក្សាជាមួយប្រធានាធិបតី ហ្គាតេម៉ាឡា និងប្រធានាធិបតីម៉ិចស៊ីកូផងដែរ ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា កន្លងមក រដ្ឋមន្ត្រីក្រសួងការពារជាតិ ហ្គាតេម៉ាឡា បានស្នើអាមេរិកជួយទប់ស្កាត់បទល្មើសលាងលុយខ្មៅ គ្រឿងញៀននៅក្នុងប្រទេសតំបន់អាមេរិកកណ្តាលមួយនេះ។
កាលពីខែមីនា ប្រធានាធិបតីបៃឌិន បានផ្តល់ភារកិច្ចដល់អនុប្រធានាធិបតី ហារីស មានវិធានការទប់ស្កាត់ជនភៀសខ្លួនពីប្រទេសម៉ិចស៊ីកូ និងមកពីបណ្តាប្រទេសអាមេរិកកណ្តាល។ កាលពីថ្ងៃទី ៣ខែឧសភា ប្រធានាធិបតីបៃឌិនបានប្រកាសបង្កើនការទទួលជនភៀសខ្លួននៅក្នុងឆ្នាំនេះឡើងដល់ ៦២.៥០០នាក់ ដែលកាលពីរដ្ឋកាលលោកត្រាំ មានតែ ១៥០០០នាក់ប៉ុណ្ណោះ៕
ដោយ៖ ធីរីណា