ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយមានការរិៈគន់ទារភាស៊ីពីគោយន្តដឹកដំឡូងអាជ្ញាធរឲ្យម្ចាស់ចំណតបញ្ឈប់ការយកភាស៊ីលើគោយន្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរស្រុកថ្មពួកឲ្យម្ចាស់ភាស៊ីចំណតនៅរង្វង់មូលបឹងត្រកួនស្រុកថ្មពួកបញ្ឈប់ការយកភាស៊ីលើគោយន្ត ដោយឲ្យធ្វើកិច្ចសន្យាមួយ និងឲ្យបង្ហាញឯកសារគតិយុត្តទាក់ទិននឹងអាជីវកម្មលើភាស៊ីចំណតនោះ ។

លោក អែម សុខា អភិបាលស្រុកថ្មពួកប្រាប់ដឹងថា ៖ នីតិវិធីរដ្ឋបាលបានធ្វើលើលោកគី ជា  ដែលជាម្ចាស់ភាស៊ីចំណតស្រុកថ្មពួកហើយ ។អាជ្ញាធរស្រុកថ្មពួក បានកោះហៅម្ចាស់ភាស៊ីចំណតខាងលើមកសួរនាំនិងធ្វើកិច្ចសន្យានិងផ្តល់ឯកសារ បន្ទាប់ពីប្រជាកសិករប្រកបរបរដាំនិងដឹកដើមដំឡូងមី មើមដំឡូងមីតាមគោយន្តម្នាក់នៅក្នុងឃុំគោករមៀត ស្រុកថ្មពួក កាលពីថ្ងៃទី១ខែឧសភាឆ្នាំ២០២១  បានបង្ហោះក្នុងហ្វេសប៊ុកបានបញ្ចេញមតិនូវការថ្នាំងថ្នាក់និងខឹងសម្បារចំពោះឈ្មោះគី ជា ជាមន្ត្រីយោធានៃក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃច្រកតំបន់ព្រំដែនបឹងត្រកួននៃយោធភូមិភាគទី៥) និងក៏ជាម្ចាស់ភាស៊ីចំណតស្រុកថ្មពួក មានទីតាំងនៅរង្វង់មូលបឹងត្រកួនស្ថិតលើកំណាត់ផ្លូវជាតិលេខ៥៨ ក្នុងឃុំគោករមៀតផងនិងនៅលើផ្លូវជាតិលេខ៥៦ ឃុំគំរូផងនៃស្រុកថ្មពួក ។

កសិករនិងជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “កសិករដាំដំឡូងមី” នោះគឺលោកសំ ផុកយ៉ាន់ហៅធួក  រស់នៅភូមិបន្ទាយមានរឹទ្ធិឃុំគោករមៀត ។

លោកបានសរសេរថា ៖ ” ក្នុងនាមកសិករដ៏ល្ងង់ខ្លៅ ចង់សួរបងប្អូននៅទូទាំងប្រទេសកម្ពុជាថា តើមានបេនចំណតដកភាស៊ីគោយន្តកន្ត្រៃដូចស្រុកខ្ញុំអត់ ខាងខ្ញុំមានហើយ គ្រាន់តែគោយន្តដឹកដើមដំឡូង ចេញពីចម្ការកាត់រង្វង់មូលបឹងត្រកួន បងៗភាស៊ីទារលុយពីអ្នកបើកបរគោយន្តដែរ ” ។ជាមួយនោះក៏មានភ្ជាប់ជាមួយរូបថតខ្លួន និងប័ណ្ណភាស៊ីចំណត ដែលមានសរសេរ អក្សរថា ( មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ ស្រុកថ្មពួក) ប័ណ្ណភាស៊ីចំណត រថយន្តស្រុកថ្មពួក និងសាខាបឹងត្រកួន..រថយន្តតំលៃ២.០០០រៀល។ 

ពោលគឺបានសរសេរបង្ហោះជាមួយខ្លឹមសាររិៈគន់ និងសំណូមពរដល់អាជ្ញាធរមានមានសមត្ថកិច្ចក្នុងស្រុកថ្មពួក និងក្នុងខេត្តបន្ទាយមានជ័យមេត្តាត្រួតពិនិត្យលើករណីដែលប៉ះពាល់លោកផងនិងពលរដ្ឋឯទៀតជាច្រើននាក់នោះផង ។

ជាដំណោះស្រាយលើបាតុភាពនេះ  លោកអែម សុខា  បានចាត់វិធានការ ២ ៖ទី១ អោយលោកគី ជា ម្ចាស់ភាស៊ីចំណតស្រុកថ្មពួក ធ្វើកិច្ចសន្យាមួយដែលមានផ្តិតមេដៃមានសេចក្តីថា ” ខ្ញុំបាទឈ្មោះគី ជា អាយុ៦៥ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ១៩០៧០៤៧៩៩ មានទីលំនៅភូមិបឹងសុក្រំឃុំគោករមៀតស្រុកថ្មពួក។ខ្ញុំបាទជាម្ចាស់ភាស៊ីចំណតរថយន្តស្រុកថ្មពួកខេត្តបន្ទាយមានជ័យ សូម​ធ្វើកិច្ចសន្យាបញ្ឈប់ការយកភាស៊ីចំពោះប្រជាពលរដ្ឋដែលដឹកកសិផលតាមគោយន្តកន្ត្រៃ។ថ្ងៃក្រោយ​ទៅ បើមានករណីយកភាស៊ីពីពលរដ្ឋដែលដឹកកសិផលតាមគោយន្តកន្ត្រៃ ខ្ញុំបាទសូមទទួលខុសត្រូវចំពោះមុខច្បាប់ ។

ជាមួយគ្នានេះលោកគី ជា ក៏បានផ្តល់ឯកសារគតិយុត្តនានាដែលបញ្ជាក់ពីភាពត្រឹមត្រូវ ស្របច្បាប់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពីអាជ្ញាធរដែនដីគ្រប់ថ្នាក់ ទាក់ទិននឹងអាជីវកម្មលើភាស៊ីចំណតរថយន្តនៅស្រុកថ្មពួក ។

ហើយក៏មានឯកសារបញ្ជាក់ពីលិខិតប្រគល់សិទ្ធិនិងទទួលបានសិទ្ធិនៃកិច្ចសន្យាស្តីពីការវិនិយោគសាងសង់និងធ្វើអាជីវកម្មភាស៊ីចំណតរថយន្តក្នុងស្រុកថ្មពួកនេះពីឈ្មោះភ្លន់ ចំរើន ដែលជាអ្នកម្ចាស់​មុន ក្នុងលិខិតចុះថ្ងៃទី៤ខែមករាឆ្នាំ២០២០ផងដែរ។

ដោយ៖ វណ្ណា


ចែករំលែក៖