ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ កម្មករ-កម្មការិនី ដែលជួបជីវភាពខ្វះខាតចំនួន ១៧ គ្រួសារ នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ទទួលអំណោយមនុស្សធម៌​ ពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលជួបជីវភាពខ្វះខាត ក្នុងកំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ តាមបន្ទប់ជួល ចំនួន១៧ គ្រួសារ នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នាឱកាសនោះ លោក ឌី រ័ត្នខេមរុណ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម រាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ ។

ទន្ទឹមនឹងនេះដែរ លោកប្រធានអនុសាខា បន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

ជាមួយគ្នានេះ លោកប្រធានអនុសាខា ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មី (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល ។ ហើយចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈ បានផ្ទុះឡើង យើងទាំងអស់គ្នាមានការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពនៃការរីរាលដាលជាបន្តបន្ទាប់នៅក្នុងសហគមន៍។ ជំងឺនេះកាចសាហាវណាស់ ហេតុនេះសូមបងប្អូនស៊ូទ្រាំលំបាក និងអត់ធ្មត់អនុត្តន៍វិធានការសុខាភិបាលក្នុងរយៈពេលខ្លី ដើម្បីភាពសុខសាន្តរបស់សង្គមជាតិយើងតរៀងទៅ ប្រសិនបើគ្មានការចាំបាច់ទេ សុំកុំចេញពីផ្ទះ ។

អំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ដែលបានផ្ដល់ជូន ១គ្រួសារ ទទួលបាន៖
– អង្ករ ១បាវ ២៥ គីឡូ , ទឹកសុទ្ធ ១កេស , មី ១កេស , ត្រីខ ១យួរ ក្នុងមួយគ្រួសារផងដែរ៕ដោយ៖សហការី


ចែករំលែក៖