ភ្នំពេញ ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងនិស្សិតដែលមកពីខេត្តសិក្សានៅរាជធានីភ្នំពេញ និងស្នាក់នៅតាមបន្ទប់ជួល ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ចំនួន ១៥២គ្រួសារ បានទទួលស្បៀងអាហារដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកអភិបាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ រួមនឹងមន្ត្រីខណ្ឌ-សង្កាត់មួយចំនួនទៀត ដែលការផ្តល់ស្បៀងអាហារនេះ បានចែក ជូនដល់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយ និងមិនរំលងពលរដ្ឋណាម្នាក់ឡើយ ។
ក្នុងឱកាសនេះ លោក ថេង សុថុល បានអំពាវនាវដល់ប្រជាពលរដ្ឋ នូវការចូលរួមសហការជាមួយអាជ្ញាធរ ក្នុងគ្រា លំបាកនេះ ដើម្បីធ្វើយ៉ាងណារួមគ្នាកាត់ផ្តាច់ជម្ងឺកូវីដ-១៩អោយបានលឿន ដោយគោរពនូវ វិធានការ ៣កុំ និង៣កាពារ រក្សាអនាម័យ លាងដៃអោយញឹកញាប់ រក្សាគម្លាត ចៀសវាងការប្រមូលផ្តុំនានា។ លោក ថេង សុថុល ក៏បានស្នើដល់ ប្រជាពលរដ្ឋរក្សាការអត់ធ្មត់ និងមេត្តាយោគយល់ ចំពោះវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩នេះ ។
លោក ថេង សុថុល បានលើកឡើងទៀតថា ទោះបីជាការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបិទបញ្ចប់ ក៏ពិតមែន ប៉ុន្តែសម្រាប់តំបន់ដែលប្រឈមខ្លាំង និងតំបន់ក្រហម អាជ្ញាធរ នៅតែបន្តបិទខ្ទប់ដដែល ហើយការសម្រេច បញ្ចប់ការបិទខ្ទប់នេះ មិនមែនមានន័យថា ជំងឺកូវីដ-១៩ លែងមាន ហើយបងប្អូនភ្លេចខ្លួន មិនគិតពីការឆ្លងជំងឺកូវីដ-១៩ នោះឡើយ ។ ទន្ទឹមនេះ លោក ថេង សុថុល បានសង្កត់ធ្ងន់ថា សូមកុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែស សូម្បីតែ ១វិនាទីណាឱ្យសោះ ព្រោះបច្ចុប្បន្ននេះ វីរុសកូវីដ-១៩ បាននិងកំពុងចរាចរណ៍ស្ទើរគ្រប់ទីកន្លែង។ ដូច្នេះ ការប្រកាន់ ខ្ជាប់នូវវិធានការសុខាភិបាល និងគោរពវិធានការរដ្ឋបាល តាមការដាក់ចុះរបស់អាជ្ញាធរមានសមត្ថកិច្ច គឺជាការចាំបាច់ បំផុត ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដែលគោលដៅចម្បង គឺការពារអាយុជីវិតប្រជាពលរដ្ឋ ។
ដោយមើលឃើញតំបន់នេះ មានផ្ទះច្រើនជាប់ៗគ្នា ហើយផ្លូវមានលក្ខណៈតូចចង្អៀត ហើយក្នុងពេលនេះ ជារដូវក្ដៅ ផងនោះ លោក ថេង សុថុល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេស បញ្ហាអគ្គិសនី ដោយធ្វើយ៉ាងណា ពិនិត្យឱ្យបាន ម៉ត់ចត់ កុំមានការធ្វេសប្រហែសឱ្យសោះ ។
បើតាមលោក ស៊ុន សិទ្ធី នាយករដ្ឋបាលខណ្ឌចំការមន បានបញ្ជាក់ថា អំណោយដែលចែកជូន ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ, មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអុីវ ៕
ដោយ៖ ជីណា