ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក៖ សិស្សស្រីរៀនថ្នាក់ទី៦ កាន់កាំភ្លើងចូលថ្នាក់រៀនបាញ់ផ្អើលសាលា

ចែករំលែក៖

សិស្សស្រីអាយុ១២ឆ្នាំរៀនថ្នាក់ទី៦បានយកកាំភ្លើងចូលក្នុងថ្នាក់រៀនបាញ់ផ្អើលពេញសាលា បណ្តាលឲ្យសិស្សម្នាក់រងរបួសនិង បុគ្គលិកសាលាម្នាក់រងរបួសផងដែរ។

ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅសាលាមធ្យមសិក្សា Rigby ជិតទីក្រុងIdaho Falls រដ្ឋ Idahoនៅថ្ងៃទី៦ខែឧសភា។ តាមព័ត៌មានពីកម្លាំងប៉ូលិសបានឱ្យដឹងថា សិស្សស្រីថ្នាក់ទី៦បានយកកាំភ្លើងចូលសាលាហើយបាញ់មិត្តភក្តិក្នុងថ្នាក់រៀន ។ អ្នកគ្រូក៏បានឆក់យកកាំភ្លើងពីដៃសិស្សភ្លាមៗ កុំអីនឹងមានរឿងអាក្រក់កើតឡើងជាមិនខាន។
ស្នងការប៉ូលិសតំបន់ Jefferson លោក Steve Anderson បានឱ្យដឹងថា សិស្សស្រីខាងលើបានយកកាំភ្លើងពីសាក់កាដូរបស់លោក ហើយបាញ់ជាច្រើនគ្រាប់នៅក្នុងថ្នាក់។

ក្នុងពេលនោះអ្នកគ្រូម្នាក់ក៏បានឆក់យកកាំភ្លើងពីដៃសិស្សស្រីខាងលើ។ នៅពេលនេះកម្លាំង FBI បានចូលរួមបើកការស្រាវជ្រាវ អំពីករណីនេះ។
ការបាញ់ប្រហារ តែងតែកើតឡើងនៅក្នុងទឹកដីអាមេរិក រយៈពេលកន្លងមក។ ការបាញ់ប្រហារភាគច្រើនកើតឡើងនៅក្នុងរដ្ឋ Indiana, California , Colorado និង Atlanta។ កាលពីខែមេសា ប្រធានាធិបតីបៃឌិន បានហៅអំពើហិង្សាដោយកាំភ្លើងថាជា«ជំងឺឆ្លង» និងជាការអាម៉ាស់បំផុតរបស់អាមេរិក នៅលើឆាកអន្តរជាតិ។ ក្នុងមួយឆ្នាំៗមានពលរដ្ឋអាមេរិក៤៣ពាន់នាក់ស្លាប់នៅអាមេរិក ពាក់ព័ន្ធអំពើហិង្សាដោយកាំភ្លើង៕


ដោយ៖ ធីរីណា(រូបភាព៖AP)


ចែករំលែក៖