អន្តរជាតិ៖ លោកស្រី Auramon Supthaweethum អគ្គនាយកដ្ឋានចរចាពាណិជ្ជកម្ម (DTN) បានថ្លែងនៅថ្ងៃពុធទី៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះថា ផ្លែទុរេនថៃ នៅតែជាអ្នកនាំមុខទីផ្សារនៅក្នុងប្រទេសចិនដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។ មិនតែប៉ុណ្ណោះលោកស្រី អគ្គនាយក DTN បានសង្កត់ធ្ងន់ថា ការនាំចេញស្ដេចផ្លែឈើរបស់ថៃ (ទុរេន) ក្នុងត្រីមាសទី១ នៃឆ្នាំនេះទៅកាន់ប្រទេសចិនមានតម្លៃ ១៨៦ លានដុល្លារអាមេរិក កើនឡើង ១៤% ពីមួយឆ្នាំទៅមួយឆ្នាំបន្ទាប់មកហុងកុង (១៤ លានដុល្លារ) និងវៀតណាម (១០ លានដុល្លារ)។
លោកស្រីនាយកដ្ឋានចរចាពាណិជ្ជកម្មរូបនេះ ថ្លែងបន្តថា ការនាំចេញផ្លែទុរេន ទៅប្រទេសចិនកាលពីឆ្នាំមុនមានចំនួន ១.៥ ពាន់លានដុល្លារ កើនឡើង ៧៨% ពីឆ្នាំ ២០១៩ ។ បន្ថែមពីនេះ លោកស្រី បញ្ជាក់ទៀតថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏បានជួយប្រទេសថៃទទួលបានអត្ថប្រយោជន៍នៅក្នុងទីផ្សារអន្តរជាតិផងដែរ។
គួរជម្រាបថា ក្រៅពីប្រទេសអាស៊ានទាំង ៩រួមមាន៖ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរីនិងវៀតណាម ពន្ធនាំចូលសម្រាប់ទុរេនថៃ ក៏ត្រូវបានលើកលែងនៅប្រទេសចិន ហុងកុង អូស្ត្រាលី ញូវហ្សេឡេន ជប៉ុន ឥណ្ឌា ឈីលី និងប៉េរូផងដែរ។
លោកស្រី Auramon បានគូសបញ្ជាក់ទៀតថា ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ប្រទេសថៃអាចស្នើសុំឱ្យកូរ៉េខាងត្បូងកាត់បន្ថយពន្ធនាំចូលលើផ្លែទុរេនបន្តិចម្តង រហូតឈានដល់សូន្យ។ ទន្ទឹមនឹងនេះ លោកស្រី ក៏បានរំពឹងថា តម្រូវការសម្រាប់ផ្លែឈើកែច្នៃដូចជា ផ្លែឈើស្ងួតនឹងកើនឡើងដោយសារតែអតិថិជនកាន់តែច្រើន កំពុងជ្រើសរើសអាហារសម្រន់ដែលផ្ដល់នៅសុខភាពល្អ៕
ដោយ៖សហការី