ព័ត៌មានទាន់ហេតុការណ៍៖

ការផ្តល់​ឱកាសរៀនសូត្រដល់​កុមារក្រីក្រ​​ជួយ​​ឱ្យ​លោកគ្រូ ឡុញ នាង ជាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​កម្មវិធី​ពលរដ្ឋគំរូ Smart

ចែករំលែក៖

ភ្នំពេញ៖ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០២១៖ ការ​ជួយ​កុមារ​​ក្រីក្រ​ក្នុង​សហគមន៍​ឱ្យទទួលបាន​ឱកាស​រៀនសូត្រ​និង​ការ​លើក​ទឹកចិត្តសិស្ស​​​មិន​​ឱ្យ​បោះ​បង់ការ​សិក្សា គឺ​ជា​អំពើ​​ល្អ​​ដែល​ជួយ​ឱ្យ​លោកគ្រូ ឡុញ នាង ត្រូវបាន​ជ្រើសតាំង​​ជា​បេក្ខជន​មួយរូប​​ក្នុង​​​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋគំរូ Smart ឆ្នាំ​២០២០

ឥឡូវនេះ លោកគ្រូ​បាន​ជាប់​ជា​បេក្ខជន​ម្នាក់​ក្នុង​ចំណោមបុគ្គល​ដែល​​​ត្រូវ​បានជ្រើសតាំង ១០​នាក់សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រនៃកម្មវិធីពាន​រង្វាន់​ពលរដ្ឋគំរូនេះ ហើយ​បើលោក​គ្រូ​​​ត្រូវបានគេជ្រើសរើសជាជ័យលាភី លោក​គ្រូ​នឹងទទួលបានប្រាក់រង្វាន់ ១ម៉ឺនដុល្លារ។

ជាគ្រូបង្រៀន​តាំង​ពី​ឆ្នាំ​១៩៨១ លោកគ្រូ​ឆ្លង​កាត់​បទ​ពិសោធ​និង​មានស្នាដៃ​ជាច្រើនក្នុង​វិស័យអប់រំ រហូត​ដល់​លោកគ្រូ​ត្រូវ​បាន​តែង​តាំង​ជា​​​នាយកវិទ្យាល័យសម្តេច​ តេជោ​ ហ៊ុន សែន ក្រាំងយ៉ូវ ក្នុង​ឆ្នាំ​១៩៩៩

ក្នុង​តួនាទីជានាយក លោក​គ្រូ​ ឡុញ នាង និង​លោកគ្រូអ្នកគ្រូជាសហការី​របស់លោក​បាន​ផ្តួចផ្តើម​គំនិត​ជាច្រើន​ដើម្បី​ជួយ​ធ្វើ​ឱ្យ​ការ​អប់រំ​នៅក្នុងមូលដ្ឋាន​មាន​ភាព​រីកចម្រើន

លោក​គ្រូ​ថ្លែងថា៖ “ដំបូង​ហ្នឹង​យើងបានសហការ​គ្នា​​រក​គន្លឹះ​យ៉ាង​ម៉េច​ដើម្បីរក​ឱ្យឃើញនូវ​បញ្ហា​ប្រឈមរបស់​សិស្ស និង​អាណា​ព្យាបាល​ លោក​​បន្ថែម​ថា៖ ទីមួយ​គឺ​កត្តាជីវភាពហ្នឹង​តែម្តង។ អញ្ចឹង គាត់​មក​រៀន​មិនពេញលេញ​ដោយសារ​ជីវភាព​គាត់​នឹង​វា​ខ្វះខាត។ អញ្ចឹង​គាត់​អាច​រៀន​ព្រឹក ហើយ​ល្ងាច​គាត់ទៅ​ជួយ​ស្ទូង​ដក​ស៊ី​ឈ្នួលគេ​អ៊ីចឹងទៅ ហើយ​បើ​រៀន​ល្ងាច​ ពេល​ព្រឹកគាត់ទៅអញ្ចឹងទៅ

គំនិត​ផ្តួតផ្តើម​ទាំង​នេះ​​រួមមានសិស្ស​​ខ្សោយ​និង​សិស្ស​​ក្រីក្រ​ដែល​មាន​​ប័ណ្ណក្រីក្រប្រភេទ​១ និង​២ ដែល​បញ្ជាក់ដោយ​អាជ្ញាធរមូលដ្ឋាន នឹង​ទទួល​បាន​ការ​រៀន​គួរ និង​ផ្ញើកង់​នៅ​សាលា​រៀន​ដោយ​ឥត​គិតថ្លៃ អាណាព្យាបាលសិស្ស​ដែល​ទទួល​មណរភាព​នឹងទទួលបាន​ប្រាក់ ១០​ម៉ឺ​រៀល ជួយ​ឧបត្ថម្ភ​សិស្ស​ពី ១០ ទៅ ១៥​នាក់​ក្នុង​មួយខែតាមរយៈការ​ទិញសម្ភារ​សិក្សា និង​កង់សម្រាប់​ពួកគេ លើកទឹក​ចិត្ត​សិស្ស​មិន​ឱ្យបោះបង់ការសិក្សា និង​ជួយការងារ​សហគមន៍​មួយ​ចំនួន​ទៀង​ផង​ដែរ​

កុមារា ណន វ៉ាន់ដា អាយុ ១៦​ឆ្នាំ​ គឺជា​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី​លោកគ្រូ ឡុញ នាង។ សព្វថ្ងៃ វ៉ាន់ដា ​ជាសិស្ស​ថ្នាក់ទី​១១ នៃ​វិទ្យាល័យ​សម្តេច តេជោ ហ៊ុន សែន ក្រាំងយ៉ូវ

កុមារា​ដែល​​កើតមក​មានតែ​ដៃម្ខាង​ពី​កំណើត​ម្នាក់នេះ ​​ ជួប​ប្រទះ​ការ​លំបាក​ខ្លាំង​នៅក្នុងជីវភាព​គ្រួសារ ខ្វះសម្ភារ​​សិក្សា​ និង​មធ្យោបាយធ្វើដំណើរ​ទៅសាលា

អង្គុយ​ក្រោម​ផ្ទះ​តូច​មួយដែល​សាងសង់​ក្រោមគម្រោង​របស់​អង្គការសប្បុរសធម៌ វ៉ាន់ដា ថ្លែងថា៖ ខ្ញុំធ្លាប់គិតថា ម៉ែ​គាត់អត់លុយឱ្យទៅរៀនចឹង ខ្ញុំចង់តែឈប់រៀន[ខ្ញុំគិត​បែប​នេះ] ចង់រាល់ឆ្នាំ។ ពេលខ្លះ អត់​លុយ​ចឹង មានអារម្មណ៍ថា ចង់ឈប់រៀនទៅ កាត់​បន្ថយការ​ចំណាយ​គាត់​​ ហើយ​សល់​លុយខ្លះ

តែ​ឥឡូវ​នេះ វ៉ាន់ដា មាន​ភាព​ធូរ​ស្រាល​ខ្លះ បន្ទាប់​ពី​កុមារា​រូប​នេះ​ទទួល​បាន​ការ​រៀនគួរ​ដោយ​មិន​អស់​ប្រាក់​ សម្ភារ​សិក្សា​មួយ​ចំនួន និង​ទួលបាន​កង់​មួយ​សម្រាប់​ជិះ​ទៅ​រៀន​​ពី​​លោកគ្រូ ឡុញ នាង។ ប្អូន​ស្រី​របស់ វ៉ាន់ដា គឺ​កុមារី ណន រក្សា អាយុ ១៤​ឆ្នាំ ជាសិស្ស​ថ្នាក់ទី​៩ ក៏​ទទួលបាន​ការ​ឧបត្ថម្ភ​ពីលោកគ្រូ​ ឡុញ នាង ផង​ដែរ។

អ្នកនាង អុល យូរ៉ា គឺជា​អតីត​សិស្ស​ក្រីក្រ​ដែល​ធ្លាប់​​ទទួលបានជំនួយ​ពីក្រុម​ការងាររបស់​លោកគ្រូ ឡុញ នាង ស្រ្តី​​​​វ័យ ៣០​ឆ្នាំ​រូប​នេះ​បានរំឭករឿង​រ៉ាវ​អតីតកាល​ថា កាល​អ្នក​នាង​​រៀននៅថ្នាក់ទី៩ ក្នុង​ឆ្នាំ​២០០៨ អ្នក​នាង​​ជួប​ការ​លំបាក​ខ្លាំង​ខាង​ផ្នែកជីវភាព និង​រស់នៅជា​មួយ​ជីដូន ដោយសារ​​​​ម្តាយបានទទួលមរណភាពហើយម្ដាយគាត់ក៏បានលែងលះ​គ្នា​ជា​មួយ​ឪពុក​តាំង​ពី​អ្នកនាង​នៅ​​តូច ដែលនេះជាហេតុធ្វើឲ្យគាត់ចង់ឈប់រៀន​​ព្រោះមិនដឹងថាគួរទៅរស់នៅជាមួយអ្នកណា។

ដោយឃើញស្ថានភាព​បែបនេះ ក្រុម​ការងារ​របស់លោកគ្រូ ឡុញ នាង បាន​ទៅជួប​គាត់​​ដើម្បី​លួងលោម និង​លើក​ទឹក​ចិត្ត និង​ជំរុញ​ឱ្យ​គាត់​បន្តការសិក្សាដោយមានការ​ផ្តល់ជូន​ជា​ថវិកា និងសម្ភារ​សិក្សា​​​រហូត​ដល់​អ្នកគ្រូ​បាន​បញ្ចប់​វិទ្យាល័យ និង​​ប្រឡង​ជាប់​ក្លាយជា​គ្រូបង្រៀន​កម្រិត​បឋមសិក្សាសព្វ​ថ្ងៃ​អ្នកនាងង្រៀននៅ​សាលា​បឋមសិក្សាឱង្ការាម

អ្នកនាង​ថ្លែងថា៖ “សម្រាប់​ខ្ញុំ ការ​ជួយជ្រោម​ជ្រែង​នេះមានទំហំ​ធំធេង។ ខ្ញុំ​អាច​រៀន​មកដល់​ថ្ងៃនេះ ដោយសារ​មានការ​ជ្រោម​ជ្រែង​ខ្លាំង​ណាស់​ពី​គណៈគ្រប់គ្រង​សាលា”។

ក្រៅពី​ប្រើប្រាស់​​ប្រាក់​អាហារូករណ៍ ១៨​ម៉ឺន​រៀល​ក្នុង​ម្នាក់​សម្រាប់​សិស្ស ៩០នាក់​ (សិស្ស​ថ្នាក់ទី៧ ទី ៨ និងទី ៩) ក្នុង​មួយ​ឆ្នាំ ដែល​ក្រសួង​ផ្តល់ជូន​​សិស្សក្រីក្រ ថវិកា​ដែល​ក្រុម​ការងារ​របស់​លោកគ្រូ ឡុញ នាង ប្រើប្រាស់​សម្រាប់​សកម្មភាព​​​សប្បុរសធម៌​នេះ គឺ​បាន​មក​ពីប្រាក់​ចំណូល​ពីការ​ផ្ញើ​កង់ម៉ូតូ​ វិភាគទាន​ទីតាំង​អាហារដ្ឋាននៅក្នុងសាលា និង​ប្រាក់​ពី​សប្បុរសជន​​​​ក្នុង​និងក្រៅ​សហគមន៍ ជា​ពិសេស​​ពី​អតីត​សិស្ស​ដែល​បានបញ្ចប់ការ​សិក្សា​ពីសាលា​នេះ។

បើទោះជា​​លោកគ្រូ ឡុញ នាង បាន​​​ចូលនិវត្តន៍ក្នុងពេល​ថ្មីៗ​នេះ​ទៅ​​ហើយ​ក្តី តែ​លោកថ្លែងថា លោកនាយកថ្មី​នឹង​បន្ត​​អនុវត្តសកម្មភាព​សប្បុរសធម៌ទាំង​នេះ

អំពើ​ល្អទាំង​នេះ​ហើយ​ដែល​ឆ្លើយ​តបទៅនឹង​កម្មវិធីពាន​រង្វាន​ពលរដ្ឋ​គំរូSmart ដែល​ជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា»  របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់​ផ្តើម​នៅថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០ កម្មវិធី​នេះ​មានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុង​​ការជួយប្រទេសជាតិ អ្នកជិតខាង និង សហគមន៍របស់ខ្លួន។

ការ​ប្រកាសជ័យ​លាភីរបស់​កម្មវិធី​ពលរដ្ឋគំរូ Smart ដែល​ដើម​ឡើយ​គ្រោង​​ធ្វើ​​នៅថ្ងៃទី២៧ មីនា ឆ្នាំ​២០២១ ត្រូវ​បាន​ពន្យា​ពេល ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។ កាលបរិច្ឆេទ​ថ្មី​នឹង​ត្រូវជូនដំណឹង​នៅ​ពេល​ក្រោយ។

ដើម្បី​ចូលមើល​វីដេអូអំពី​លោក​គ្រូ​ ឡុញ នាង សូម​ចុច​លើ​តំណភ្ជាប់ (Link) នេះhttps://fb.watch/5kzs1Odxf6/

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ  www.facebook.com/smartforcambodia​​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា Smart Smart Axiataគឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  Axiata Group Berhad ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ 4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ 5G ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។ Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង

លោក គាំ ទីវា

ទូរស័ព្ទ៖+855 10 202 271

អុីម៉ែល៖koam.tivea@smart.com.kh


ចែករំលែក៖