ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តប្រភេទទេសចរណ៍បុកម៉ូតូ២គ្រឿងស្របទិសគ្នារបួសធ្ងន់ស្រាល៣នាក់ផ្អើលកម្មករទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ដោយសាររថយន្តដឹកកម្មករបុកជាមួយម៉ូតូ២គ្រឿងយ៉ាងពេញទំហឹងបណ្ដាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាលបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹក នៅថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២១ នៅចំណុច លើផ្លូវបេតុង ស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា អ្នករងរបួសមានឈ្មោះ ហ៊ឹង ស៊ី ភេទ ស្រី អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ KING រស់នៅភូមិអង្គសាលា សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង និងអ្នករួមដំណើរ ឈ្មោះ ហ៊ឹង សង់ ភេទ ស្រី ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ KING រស់នៅភូមិអង្គសាលា សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀងបើកម៉ូតូម៉ាកHONDA C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១-៧៧៣៤ ខូចខាតយ៉ាងដំណំ។

ចំណែកភាគីម៉ូតូរងគ្រោះម្ខាងទៀតមានឈ្មោះ យិន នឿន ភេទ ប្រុស អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកអាប៊ុល រស់នៅភូមិអន្សោង ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។

ចំពោះអ្នកបើករថយន្តបង្កហេតុមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយឃើញសភាពការណ៍មិនស្រួលរត់គេចខ្លួនដោយបន្សល់តែរថយន្តប្រភេទទេសចរណ៍ ៣៥ កៅអី ព៌ណខៀវ ពាក់ស្លាកលេខ ភ្នំពេញ៣A-៧៦៦៨។

តាមសាក្សីបានឱ្យដឹងថា មុនដំបូងមានរថយន្តមួយគ្រឿងប្រភេទទេសចរណ៍ ៣៥កៅអី ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ៣A-៧៦៦៨ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានជាន់ហ្វ្រ័ងមិនស៊ីរួចក៏ជ្រុលទៅបុកម៉ូតូ២គ្រឿងដែលកំពុងធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូងយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងព្រឹក។

ក្រោយកើតហេតុអ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូក្រុងបាវិត ហើយសមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយករថយន្ត និង ម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ យឹម សុីថាន


ចែករំលែក៖