ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេសកម្មករ-កម្មការិនី ទាំងអស់ឱ្យបានជ្រាបថា ដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន ក៏ដូចជាដើម្បីឈានទៅបិទបញ្ចប់ការឆ្លងរាលដាល ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងបណ្ដាខេត្តផ្សេងទៀត រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ “យុទ្ធនាការជាតិចាក់វ៉ាក់សាំង ” ការពារជំងឺកូវីដ-១៩ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបរបស់ជាតិ។
គិតត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នេះ អនុគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានី ភ្នំពេញ បានចាក់វាក់សាំងជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដូសទី១ បានចំនួន ៤៧២,៦៤៦នាក់ នឹងដូសទី២ បានចំនួន ១២៦.៧៥៧ នាក់ និងកំពុងផ្តល់ជូនបន្តជារៀងរាល់ថ្ងៃ។ ដោយឡែក ចំពោះភូមិសាស្ត្រ “តំបន់ក្រហម” ក្រុមគ្រូពេទ្យយោធា នៃកងយោធពលខេមរភូមិន្ទ ចំណុះអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ២៤១,៨១៦ នាក់ បន្ថែមទៀត។
ទន្ទឹមគ្នាទៅនឹងលទ្ធផលដូចបានជម្រាបជូនខាងលើ រដ្ឋបាលរាជធានីភ្នំពេញ កត់សម្គាល់ឃើញថា បងប្អូនប្រជាពលរដ្ឋភាគច្រើនលើសលប់ បានយល់ដឹងយ៉ាងច្បាស់អំពីតម្លៃនៃកិច្ចខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់បំផុតក្នុងការស្វែងរកវាក់សាំងការពារជំងឺកូវីដ-១៩ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ប៉ុន្តែ ក៏នៅមានជនឱកាសនិយមមួយចំនួន ដែលបានបង្កការរាំងស្ទះដល់ដំណើរការនៃការផ្តល់វ៉ាក់សាំង តាមរយៈការបំផុសចលនាទាមទារវ៉ាក់សាំង មិនស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ និងការ រៀបចំរបស់អាជ្ញាធរមូលដ្ឋាន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ របៀបរៀបរយ និងវិធានការរបស់ក្រសួងសុខាភិបាល ។ រដ្ឋបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនថា ផ្អែកតាមផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង ប្រជាពលរដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ នឹងទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា ទៅតាមជំហានកម្មវិធីការងារ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ ។ ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំការយោគយល់អធ្យាស្រ័យ និងភាពអត់ធ្មត់ ពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនីទាំងអស់ សូមរង់ចាំទទួលវ៉ាក់សាំងតាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន ចៀសវាងការចាញ់កលទៅទិញលិខិតអញ្ជើញ [ ទៅដណ្ដើមវ៉ាក់សាំងតាមការញុះញង់ អគតិរបស់ក្រុមជនឱកាសនិយម ដើម្បីធានាប្រសិទ្ធភាពនៃការផ្ដល់ និងទទួលវ៉ាក់សាំង ប្រកបដោយសុវត្ថិភាព។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេសកម្មករ-កម្មការិនីទាំងអស់ មេត្តា ជ្រាប និងចូលរួមសហការអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
ដោយ៖ សុខ ខេមរា