ខេត្តពោធិ៍សាត់ ៖ ល្ងាចថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ យ៉ាងហោចមានមនុស្សចំនួន២នាក់បានរងរបួស និងផ្ទះសម្បែង បន្ទប់ទឹក ព្រះវិហារ សរុបប្រមាណចំនួន៩៨ខ្នងរងការខូចខាត ដោយសារគ្រោះធម្មជាតិខ្យល់ព្យុះកន្រ្តាក់ធ្លាក់ភ្លៀង១មេធំ លាយឡំទៅដោយខ្យល់កន្រ្តាក់យ៉ាងសាហាវ ផ្គរ និងរន្ទះ ។
យោងតាមប្រភពរាយការណ៍ពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននានាបានឲ្យដឹងថា នៅស្រុកកណ្ដៀងយ៉ាងហោចមានផ្ទះចំនួន២ខ្នងរងការខូចខាតប៉ើងដំបូល និង១ខ្នងទៀតដើមត្នោតរលំសង្កត់ ប៉ុន្តែពុំបង្ករបួសស្នាមដល់មនុស្សឬសត្វនោះឡើយ ។
នៅស្រុកតាលោសែនជ័យឯនេះវិញ ផ្ទះ និងបន្ទប់ទឹកចំនួន៤ខ្នងរងការខូចខាតប៉ើងដំបូល និងដួលរលំ ។ ចំណែកឯស្រុកបាកានក៏មានផ្ទះសម្បែង និងបន្ទប់ទឹកចំនួន១០ខ្នងទៀតរងការខូចខាតប៉ើងដំបូលផងដែរ ។
ដោយឡែក ៖ នៅស្រុកក្រគរ ផ្ទះសម្បែងចំនួន៦៥ខ្នង និងព្រះវិហារ១ខ្នងរងការខូចខាងប៉ើងដំបូល ដួលរលំ និងរបួសមនុស្សចំនួន២នាក់ថែមទៀត ករណីគ្រោះមហន្តរាយខាងលើ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានចុះស្រាវជ្រាវនិងធ្វើកំណត់ហេតុរាយការណ៍ជូនថ្នាក់លើ៕
ដោយ៖ បុឹម ពិន