ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ១នាក់ នៅថ្ងៃទី០៧ គឺជាអ្នកបានមកធ្វើចត្តាឡីស័ក ចំណែកអ្នករួមដំណើរទាំង៨នាក់ ក៏បានកំណត់អត្តសញ្ញាណរួចហើយ !

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ នេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺ កូវីដ-១៩ ថ្មី ចំនួន១នាក់ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ គឺឈ្មោះ វូន រាន់ ភេទប្រុស អាយុ៣៨ឆ្នាំ មាន អាសយដ្ឋាននៅភូមិថ្នល់បណ្ដោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដែលបានធ្វើដំណើរមកពីរាជធានីភ្នំពេញ វេលាម៉ោង១២៖០០នាទី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តាមរយៈរថយន្តឈ្នួល១២កៅអី ដោយរួមដំណើរ ជាមួយមិត្តភក្តិម្នាក់ ដែលមានអាសយដ្ឋាននៅភូមិជាមួយគ្នា។ នៅពេលរថយន្តមកដល់ចំណុចស្វាយធំ ឃុំកណ្តែក ស្រុកប្រាសាទបាគង ឈ្មោះ រុន រាន់ និងមិត្តភក្តិ បានសុំឈប់ និងបន្តដំណើរដោយជិះម៉ូតូទៅ មណ្ឌលចត្តាឡីស័កព្រះដាក់ ស្រុកបន្ទាយស្រី តាមរយៈការរៀបចំរបស់ក្រុមគ្រួសារ និងអាជ្ញាធរមូលដ្ឋាន។ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ឈ្មោះ វូន រាន់ ចាប់ផ្តើមមានបញ្ហាសុខភាព និងរោគសញ្ញាសង្ស័យ ហើយត្រូវបានក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័កព្រះដាក់ បញ្ជូនមកមណ្ឌលចត្តាឡីស័ក គរុកោសល្យ ដើម្បីយកសំណាកធ្វើតេស្តស្រាវជ្រាវ និងទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ព្រមទាំង បានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

តាមរយៈលទ្ធផលនៃការស្រាវជ្រាវបឋមរបស់ក្រុមការងារជំនាញ រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនថា អ្នករួមដំណើរក្នុងរថយន្តចំនួន៧នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណ ផ្អែកតាមទិន្នន័យ ដែលបានមកពីការស្រង់ស្ថិតិអ្នកធ្វើដំណើរចូលខេត្តសៀមរាប នៅចំណុចព្រំប្រទល់ខេត្តសៀមរាប-ខេត្ត កំពង់ធំ(ស្រុកជីក្រែង-ស្រុកស្ទោង) ក្នុងនោះអ្នកដំណើរចំនួន៥នាក់ មានអាសយដ្ឋានស្នាក់នៅក្នុង ខេត្តសៀមរាប ត្រូវបានក្រុមការងារជំនាញបញ្ជូនមកយកសំណាកធ្វើតេស្តស្រាវជ្រាវ និងធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ដោយឡែក ២នាក់ទៀត ម្នាក់បានបន្តដំណើរទៅខេត្ត បន្ទាយមានជ័យ និងម្នាក់ទៀតជាអ្នកបើកបរ បានបន្តដំណើរទៅរាជធានីភ្នំពេញ។ ក្រុមការងារជំនាញ និង បន្តស្រាវជ្រាវព័ត៌មានលម្អិត ដើម្បីចាត់វិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦៤នាក់ បានព្យាបាលជាសះ ស្បើយចំនួន១៧នាក់ ស្លាប់១នាក់ និង៤៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងការព្វកិច្ចការ រក្សាគម្លាតសង្គម ៕

ដោយ ៖ សិលា


ចែករំលែក៖