ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតចោលប្រពន្ធកូន បន្ទាប់ពីប្រពន្ធស្លសម្លម្ជូរកង្កែបយកមកភ្លក់ក៏ឈ្លក់បណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗតែម្ដង ខណៈកំពុងរៀបចំហូបបាយជុំគ្នា នៅវេលាម៉ោង០៧យប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នៅភូមិគោកត្រាច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ។
របាយការណ៍របស់នគរបាលស្រុកព្រះនេត្រព្រះ បង្ហាញថា៖ ជនរងគ្រោះដែលស្លាប់ឈ្មោះ សាត រើន ភេទប្រុស អាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះ ភួង រ៉ានអយុ ៤៨ឆ្នាំ គ្រួសារនេះនៅភូមិគោកត្រាច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ។
របាយការណ៍បានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុតាមការរៀបរាប់បំភ្លឺរបស់ស្ត្រីជាប្រពន្ធ ប្រាប់សមត្ថកិច្ចថា គាត់និងប្តីរបស់គាត់បានរៀបចំហូបបាយពេលល្ងាច គឺមានសម្លម្ជូរកង្កែបសម្រាប់ហូបជាមួយបាយ ពេលកំពុងហូបប្តីរបស់គាត់បានដួសទឹកសម្លហុត ក៏ស្រាប់តែឈ្លក់និងមានអាការៈអន្ទះអន្ទែង គ្រានោះគាត់(ប្រពន្ធ)និងអ្នកជិតខាងបានជួយរឹត ធ្វើចលនាបេះដូងយ៉ាងណាក៏មិនអាចជួយសង្រ្គោះ ជីវិតប្តីរបស់គាត់បានរហូតបាត់បង់ជីវិត ។
លោក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់បន្ថែមថា៖ ក្រោយពីទទួលបានព័ត៌មាន យើងបានបង្កើតគណៈកម្មការត្រួតពិនិត្យសព។ ក្រោយពីបានធ្វើការត្រួតពិនិត្យលើខ្លួនប្រាណសាកសពពុំឃើញមានសញ្ញា ឬស្នាកស្នាមអ្វីដែលទាក់ទងនិងអំពើឃាតកម្មនោះឡើយ ម្យ៉ាងវិញទៀត ស្ត្រីជាប្រពន្ធរបស់សពបាននិយាយថា ការស្លាប់របស់ប្តីគាត់គឺដោយសារឈ្លក់នឹងទឹកសម្លម្ជូរកង្កែប ទើបបានជាបាត់បង់ជីវិត។ ក្រោយពីពិនិត្យសពរងគ្រោះរួចប្រគល់ឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ វណ្ណា