ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Real Madrid កីឡាករ Eden Hazard បានសុំទោសចំពោះការសើចជាមួយកីឡាកររបស់ក្រុមតោខៀវ Chelsea បន្ទាប់ពីក្រុមរបស់គាត់ត្រូវបានធ្លាក់ចេញពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport។
អតីតបុរសតោខៀវរូបនេះមានវ័យ៣០ឆ្នាំត្រូវបានគេមើលឃើញថា បានលេងសើច និងញញឹមជាមួយអតីតមិត្តរួមក្រុមរបស់គាត់នៅពេលចប់ម៉ោង ។
Hazard បាននិយាយនៅលើបណ្តាញសង្គម Instagram ថា “វាមិនមែនជាចេតនារបស់ខ្ញុំក្នុងការធ្វើឱ្យអ្នកគាំទ្ររបស់ Real Madrid អាក់អន់ចិត្តនោះទេ។
Hazard ត្រូវបានប្តូរចេញមុនពេញម៉ោងបន្ទាប់ពីខកខានមិនបានរកគ្រាប់បាល់ក្នុងការប្រកួតដែលក្រុមយក្សអេស្ប៉ាញ Real Madrid បានចាញ់ ២-០ ក្នុងជើងទី២ ខណៈដែលក្រុមតោខៀវ Chelsea បានឈ្នះទាំង២ជើងក្នុងលទ្ធផល ៣-១ ។
Hazard ដែលបានចាកចេញពីកីឡដ្ឋាន Stamford Bridge ក្នុងឆ្នាំ២០១៩ ទទួលបានការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រក្លិប Real Madrid និងប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញដោយអ្នកខ្លះអំពាវនាវឲ្យគាត់ផ្ទេរចេញពីក្លិបផងដែរ។
Hazard បានជួយក្រុមតោខៀវ Chelsea ដែលនឹងត្រូវប្រឈមមុខជាមួយក្រុម Manchester City ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ២ដង និងពានរង្វាន់ Europa League ២ដង។
កីឡាករបែលហ្ស៊ិករូបនេះរកបានតែ៤គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន៤០ប្រកួតឲ្យ Real Madrid បាននិយាយថា “វាតែងតែជាសុបិន្តរបស់ខ្ញុំក្នុងការលេងឲ្យ Real Madrid ហើយខ្ញុំមកទីនេះដើម្បីឈ្នះ”។
បច្ចុប្បន្ន Real Madrid ឈរនៅចំណាត់ថ្នាក់លេខ២នៅ La Liga ដោយចាញ់២ពិន្ទុដែលត្រូវដេញតាមពីក្រោយគូប្រជែងក្រុម Atletico Madrid ដែលកំពុងឈរកំពូលតារាង ៕
ដោយ ៖ ភារៈ