ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកគីរីវង់ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ លើស្ត្រីអាយុ ២១ ឆ្នាំ ជាកម្មការិនី ទៅពីភ្នំពេញ !

ចែករំលែក៖

ខេត្តតាកែវ៖ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលស្រុកគិរីវង់ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ទាំងអស់ឱ្យបានជ្រាប ថា៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័កស្រុកគិរីវង់២ (វិទ្យាល័យ សុខ អាន ទន្លាប់) មានករណីវិជ្ជមានកូវីដ-១៩ ម្នាក់ ដែលជាករណីឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ លើស្រ្តីឈ្មោះ ញ៉ ស្រីនិត អាយុ ២១ឆ្នាំ មានទីលំនៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ មុខរបរ កម្មការិនី កាត់ដេររោងចក្រយ៉ាក់ជើង ឯ.ក មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ បានវិលត្រលប់មក ពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ។

រដ្ឋបាលស្រុកគិរីវង់ – សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងផ្ទាល់ ឬប្រយោល ជាមួយអ្នកជម្ងឺកូវីដ-១៩ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងចូល រួមយកសំណាកនៅមណ្ឌលសុខភាពព្រះបាទជាន់ជុំ ឬមន្ទីរពេទ្យបង្អែកស្រុកគិរីវង់ ព្រមទាំងដាក់ខ្លួន ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ ក្នុងករណីដែលបងប្អូនមានបញ្ហាសុខភាពដូចជា៖ ក្ដៅខ្លួន ឈឺក ក្អក ត្រូវប្រញាប់រួសរាន់រាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ឬមណ្ឌលសុខភាពដែលនៅជិត ឬទំនាក់ទំនងផ្ទាល់ តាមរយៈទូស័ព្ទលេខ៖ ០១២ ៣១២៨៨៦/០៩២ ៦៨០ ៥១៨/០៨៩ ៦៦៩៦២១/០៧០ ៧០០ ៥៧៨។

រដ្ឋបាលស្រុកសង្ឃឹមយ៉ាងមុតមាំថា៖ បងប្អូនប្រជាពលរដ្ឋចូលរួមសហការអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ *៣ការពារ និង៣កុំ” របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោល ទាំងអស់ជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព៕

ដោយ ៖ សិលា


ចែករំលែក៖