ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ ផ្តល់ស្បៀងអាហារជូនពលរដ្ឋក្នុង តំបន់បិទខ្ទប់ (តំបន់ក្រហម) ដោយជម្ងឺកូវីដ-១៩ បានជាង៣២ម៉ឺនគ្រួសារហើយ គិតត្រឹមថ្ងៃទី០៨ឧសភានេះ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយ កងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ បានចំនួនជាង ៣២ម៉ឺនគ្រួសារហើយ គិតត្រឹមថ្ងៃទី០៨ ឧសភា ឆ្នាំ២០២១ ។
ជាក់ស្តែងនៅថ្ងៃទី០៧និង០៨ឧសភា ២ថ្ងៃជាប់គ្នានេះ អាជ្ញាធររាជធានី បានបន្តដឹក ជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពល រដ្ឋនៅតំបន់បិទខ្ទប់បានចំនួន៣៥០០០គ្រួសារបន្ថែមទៀត ក្នុងនោះបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រ នៅខណ្ឌមានជ័យចំនួន៣០០០គ្រួសារ នៅខណ្ឌពោធិសែនជ័យចំនួន ១០០០០គ្រួសារ ខណ្ឌសែនសុខ ២០០០គ្រួសារ ខណ្ឌព្រែកព្នៅ ៦០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន៤៥០០គ្រួសារ ខណ្ឌជ្រោយចង្វា ១៩៥០គ្រួសារ ខណ្ឌ៧មករា ៥០០គ្រួសារ ខណ្ឌទួលគោក ១៦០០គ្រួសារ ខណ្ឌចំការមន ៨០០គ្រួសារ ខណ្ឌច្បារអំពៅចំនួន១០០០គ្រួសារ ខណ្ឌកំបូលចំនួន៣៧៥០គ្រួសារ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំនិងបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៏ គណៈ កម្មការជាតិគ្រប់គ្រងនិងដឹកនាំវិធានការបិទខ្ទប់ សហការជាមួយ កងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិនទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ០៨ខែ ឧសភា បានចំនួន៣២៩៦៥២គ្រួសារ ។
សូមបញ្ជាក់ថា ៖ អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនិងសកម្មភាពមនុស្សធម៏ខាងលើនេះ បាន ប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន ២០៦នាក់ និងរថយន្ត៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់៕

ដោយ៖ សំរិត


ចែករំលែក៖