ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកេីតឡេីង បន្ទាប់ពីមនុស្សប្រុសស្រី២នាក់ បានបើករថយន្តមួយគ្រឿងម៉ាក ហ្វតរ៉ែនជ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-6799 ឆ្លងកាត់គោលដៅសមត្ថកិច្ចកំពុងតែអនុវត្តបំរាមគោចរ មិនព្រមឈប់ឲ្យសមត្ថកិច្ចធ្វើការត្រួតពិនិត្យនោះទេ បែរជាព្យាយាមបើករត់គេចខ្លួន តែក៏ត្រូវសមត្ថកិច្ចជិះដេញតាមឃាត់យកត្រឡប់មកវិញ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចស្តុបបូកគោ តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានដាក់គោលដៅអនុវត្តបំរាមគោចរតាមសេចក្តីសម្រេចលេខ១០០ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរ ចន្លោះពីម៉ោង៨យប់ដល់ម៉ោង៣ទៀបភ្លឺនៅត្រង់ចំណុចរង្វង់មូលផ្សារដើមថ្កូវ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនចុះ។ លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ហ្វតរ៉ែនជ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-6799 ដែលបើកបរដោយស្រ្តីម្នាក់ និងបុរសម្នាក់ជាអ្នករួមដំណើរ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៦៣ ក្នុងទិសដៅពីជើងទៅត្បូង ហើយបានបើកឆ្លងកាត់គោលដៅដែលសមត្ថកិច្ចកំពុងតែអនុវត្ត ។
ប្រភពដដែល បន្តថា ភ្លាមនោះសមត្ថកិច្ចក៏បានហៅរថយន្តនោះឲ្យឈប់ ដើម្បីសូមត្រួតពិនិត្យលិខិតធ្វើដំណើរ ប៉ុន្តែរថយន្តនោះមិនបានឈប់ទេ បែរជាព្យាយាមបើករត់គេចចេញពីគោលដៅតែម្តងទេីបកម្លាំងសមត្ថកិច្ច បានជិះម៉ូតូដេញតាមពីក្រោយរថយន្ត រហូតដល់ចំណុចខាងលើ ទើបអាចធ្វើការស្ទាក់ចាប់បាន រួចនាំយករថយន្ត រួមទាំងអ្នកបើកបរ និងអ្នករួមដំណើរទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ភ្លាមៗ។
ដោយឡែកបេីតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌចំការមន បានប្រាប់អង្គភាពកាសែតនគរវត្ត និងនគរដ្រេហ្គន តាមទូរស័ព្ទនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះដែរថា៖ ក្រោយឃាត់រថយន្ត និងអ្នកបេីកបរខាងលេីនេះ ដែលជិះល្មេីសបំរាមគោចរយកមកសាកសួរនៅអធិការខណ្ឌ ដោយឲ្យពួកគាត់ទាំងពីរនាក់នេះ ផ្លុំជាតិអាល់កុល ដេីម្បីធ្វេីតេស្តរកជាតិស្រវឹង ប៉ុន្តែគ្មាន ក៏ធ្វើការណែនាំ រួចឲ្យត្រលប់ទៅផ្ទះវិញ។ ហើយអ្នកបើកបរគឺជាមនុស្សស្រី ព្រោះតែគាត់មានការភិតភ័យផងដែរ ទេីបបេីករត់៕ដោយ៖ជីណា