នៅថ្ងៃទី ១០ ខែឧសភា មន្ត្រីអាហ្វហ្គានីស្ថានបានឱ្យដឹងថា មានមនុស្ស១១នាក់ស្លាប់និង២៨នាក់ទៀតរងរបួសនៅក្នុងករណីវាយប្រហារដោយគ្រាប់បែកទៅលើរថយន្តក្រុងដែលមានអ្នកដំណើរ ៤៣នាក់ ស្ថិតនៅក្នុងខេត្ត Zabul ភាគខាងត្បូង អាហ្វហ្គានីស្ថាន។
ការវាយប្រហារកើតឡើងនៅលើផ្លូវជាតិស្ថិតនៅក្នុងស្រុក Shahr-e-Safa កាលពីយប់ថ្ងៃទី ៩ខែឧសភា ។ អ្នករងរបួសមានភាគច្រើនជាស្ត្រីនិងកុមារ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្ត Kandahar ភាគខាងលិចទីក្រុង Zabul ។ ចំនួនអ្នកស្លាប់អាចនឹងកើនឡើងខ្ពស់ដោយសារមានអ្នករងរបួសធ្ងន់ជាច្រើន។
ករណីវាយប្រហារខាងលើកើតឡើងក្រោពេលក្រុមតាលីបង់បានប្រកាសឈប់បាញ់រយៈពេល៣ថ្ងៃនៅក្នុងឱកាសនៃពិធីបុណ្យ Eid al-Fitr នៅក្នុងសប្តាហ៍នេះ។ កន្លងមករដ្ឋាភិបាលអាហ្វហ្គានីស្ថានបានចោទប្រកាន់កម្លាំងក្រុមឧទ្ទាម បានបើកការវាយប្រហារទៅលើសាលារៀនសម្រាប់សិស្សស្រីនៅតំបន់ Dasht-e-Barchi។ ការវាយប្រហារនោះបណ្តាលឲ្យមនុស្ស ៥០នាក់ស្លាប់និងរបួសជាង ១០០នាក់។ ក្រុមតាលីបង់បានចេញមុខប្រកាសថា ការវាយប្រហារនោះមិនមែនជាសកម្មភាពរបស់ក្រុមនេះឡើយ។
ការវាយប្រហារកើតឡើងក្រោយពេលអង្គការណាតូ មានគម្រោងដកទាហានចេញពីប្រទេសអាហ្វហ្គានីស្ថាន ។ តាមគម្រោងអាមេរិកនឹងដកទាហាន ៣៥០០នាក់ និងណាតូដកទាហានចេញ៧ពាន់នាក់ នៅមុនថ្ងៃទី ១១ខែកញ្ញាឆ្នាំ២០២១៕
ដោយ៖ ធីរីណា(រូបភាព៖AFP/TTXVN)