ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ឆក់យកកាបូបគេហើយគេចខ្លួនបាន១០ថ្ងៃត្រូវសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួន

ចែករំលែក៖

    ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីឆក់កាបូបរបស់គេកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

  លោក គាន់ ឌីណា អធិការរង ទទួលផែនព្រហ្មទណ្ឌបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ាង ស៊ីណាវី ភេទ ស្រី អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣ក  ផ្លូវ បេតុង ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ចំណែកជនសង្ស័យឈ្មោះ ឡុញ មករា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ (ជនសង្ស័យប្រើប្រាស់គ្រឿងញៀន)។

  លោក គាន់ ឌីណា អធិការរង ទទួលផែនព្រហ្មទណ្ឌបានឱ្យដឹងទៀតថា កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹកនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ ៣៥១ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពេលជនរងគ្រោះជិះម៉ូតូម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CQ-1132  ទៅរកទិញម្ហូប ដោយទុកកាបូបលុយពណ៌ខ្មៅ (ក្នុងកាបូបមាន ៖ លុយដុល្លារ ៥០០ដុល្លារ, លុយខ្មែរ៨០ម៉ឺនរៀល, បណ្ណសម្គាល់យានយន្ត០១សន្លឹក និងបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ០១សន្លឹក) ក្នុងឃ្លុបម៉ូតូក្រោមដៃចង្កូត ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-4520 មកពីក្រោយអែបខាងឆ្វេង រួចក៏ធ្វើសកម្មភាពឆក់យកកាបូបរបស់ជនរងគ្រោះបានសម្រេចជិះគេចខ្លួន រួចហើយដកយកលុយដុល្លារ ៥០០ ដុល្លារ និងលុយខ្មែរ ៨០ម៉ឺនរៀល ទិញគ្រឿងញៀនជក់ និងស៊ីចាយអស់ ចំណែកកាបូប និងសម្ភារផ្សេងទៀតត្រូវជនសង្ស័យរូបនេះបោះចោលបាត់។ លុះមកដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២ថ្ងៃត្រង់ សមត្ថកិច្ចយើងក៏ឃាត់ខ្លួនបានជនសង្ស័យនៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដកហូតម៉ូតូ០១គ្រឿង(ជិះធ្វើសកម្មភាព) បញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ចាត់ការតាមបន្តតាមនីតិវិធី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖