រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិនបានផ្តល់ជំនួយជាច្រើនដល់រដ្ឋាភិបាលឥណ្ឌាដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ សរុបជំនួយរបស់អាមេរិកឱ្យទៅប្រទេសឥណ្ឌាគិតជាទឹកប្រាក់ជិត៥០០លានដុល្លារ ។
ភាគច្រើននៃជំនួយរបស់អាមេរិក គឺផ្តោតទៅលើវ៉ាក់សាំងដើម្បីជួយប្រទេសនេះទប់ស្កាត់កូវីដ-១៩ បានឆាប់បំផុត ។ ប្រធានាធិបតីអាមេរិក លោកបៃឌិន បានបញ្ជាក់ថា នេះជាពេលវេលាដែលអាមេរិកត្រូវតែតបស្នងឥណ្ឌា ដែលបានជួយអាមេរិក ក្នុងពេលកូវីដ-១៩ ឈានដល់កម្រិតកំពូល។
ពាក់ព័ន្ធកូវីដ -១៩ នៅឥណ្ឌា គឺមានភាពល្អជាងមុនបន្តិច ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានកត់ត្រា ចំនួនអ្នកឆ្លងជំងឺ COVID-19 សរុប ៣៦៦,៤៩៩នាក់ទៀត ខណៈអ្នកជំងឺរហូតដល់ ៣,៧៤៨នាក់បាត់បង់ជីវិត។
ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២២,៦៦២,៤១០ករណី ក្នុងនោះមានអ្នកស្លាប់សរុបជាង ២៤៦,១៤៦នាក់ និងជាសះស្បើយឡើងវិញជាង ១៨,៦៦លាននាក់ ខណៈអ្នកជំងឺរហូតដល់ ៣,៧៥លាននាក់ កំពុងទទួលការព្យាបាល និងរង់ចាំការព្យាបាល។
រដ្ឋដែលរងផលប៉ះពាល់ខ្លាំងជាងគេដោយកូវីដ-១៩នៅឥណ្ឌាគឺ រដ្ឋ Tamil,Nadu ,Karnataka,Rajasthan និង Puducherry បានប្រកាសបិទរដ្ឋទាំងមូល (lockdown) ដោយចាប់អនុវត្តពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃទី២៤ ខែឧសភា។ដោយឡែករដ្ឋDelhi, Uttar Pradesh និងHaryana នឹងបន្តការអនុវត្តវិធានការបិទទ្វារ (lockdown) រហូតដល់ថ្ងៃទី១៧ ខែឧសភា៕
ដោយ៖ ធីរីណា(រូបភាព៖ RTE)