ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកខណៈគេប្រទះឃើញបុរសម្នាក់ចងកនឹងក្រមា ភ្ជាប់ជាមួយដែកចម្រឹងបង្អួចផ្ទះរបស់ខ្លួនបណ្ដាលឱ្យស្លាប់កាលពីវេលាម៉ោង៩និង៥នាទីព្រឹក ថ្ងៃទី១០ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិ ស្វាយមីង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខណៈដែលក្រុមគ្រួសារបានអះអាងថាគាត់តូចចិត្តដោយសារមិនមានលុយព្យាបាលជំងឺឱ្យប្រពន្ធ។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសខាងលើមានឈ្មោះសូ ទិត្យ អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្វាយមីង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីអាជ្ញាធរភូមិសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះទៅពិនិត្យសាកសពនិងធ្វើការសន្និដ្ឋានថា បុរសខាងលើពិតជាបានចងកនឹងក្រមស ភ្ជាប់ជាមួយដែកចម្រឹងបង្អួចផ្ទះរបស់ខ្លួនស្លាប់ពិតប្រាកដមែនដោយមិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មអ្វីនោះទេ។
តាមអ្នកភូមិបានប្រាប់ថា ក្រុមគ្រួសារខាងលើពេលប្រពន្ធមានជំងឺប្រចាំកាយហើយត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យនិងផឹកថ្នាំសង្កូវដែរ ប៉ុន្តែមិនបានធូរស្រាលសោះឡើយទើបបុរសជាប្តីពិបាកចិត្តដោយរកលុយមិនបានណាមួយប្រពន្ធចេះតែមានជំងឺពេកក៏ដាច់ចិត្តសម្លាប់ខ្លួនឯងបែបនេះតែម្ដង។
ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕
ដោយ៖យឹម សុថាន