ព័ត៌មានទាន់ហេតុការណ៍៖

តាមរយៈការខិតខំអភិវឌ្ឍន៍ក្នុងមូលដ្ឋានស្រុកបន្ទាយស្រី គឺមានសប្បុរសជនបន្តការឧបត្ថម្ភដល់អភិបាលស្រុកបន្ទាយស្រីជាបន្តបន្ទាប់ !

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានជួយឧបត្ថម្ភដល់រដ្ឋបាលសាលាស្រុក ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋាន, លោកអភិបាលស្រុកបានថ្លែងថា, ក្នុងនាមរដ្ឋបាលស្រុក និងជួសមុខឱ្យបងប្អូនប្រជាពលរដ្ឋទាំងចាស់ទាំងក្មេងដែលទទួលបានប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោល ពីការកែលម្អឡើងវិញនៃសួនច្បាររង្វង់មូលបន្ទាយស្រី ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក តាន់ សាវុន និងលោកស្រី អេង សុខហ្គិច ដែលបានជួយឧបត្ថម្ភក្រាលការ៉ូឡាព័ទ្ធជុំវិញសួនច្បារចំនួន ២៥០០ការ៉េ និងខ្សាច់សម្រាប់រៀបចំផ្លូវដើរនៅក្នុងសួន សរុបជាថវិកាអស់ ១៣៩២០ដុល្លារ។ សណ្តានចិត្ត និងការបរិច្ចាគចូលរួមមួយនេះ បានផ្តល់ផលវិជ្ជមានយ៉ាងធំទៅដល់សហគមន៍ ក៏ដូចជាសាធារណៈជនទូទៅផងដែរ។

លោក ឃឹម ហ្វីណង់ បានលើកឡើងថា, កន្លែងដែលធ្លាប់តែត្រូវបានគេបោះបង់ចោល មានសំរាមពាសវាលពាសកាល និងអ្នកស្រុកតែងយកគោមកចងឱ្យសុីស្មៅ បានផ្លាស់ប្តូរមុខមាត់ថ្មី ក្លាយជានិមិត្តរូបបន្ថែមមួយទៀតរបស់ស្រុកបន្ទាយស្រី បង្កឱ្យមានភាពអ៊ូរអររស់រវើកដែលភ្ញៀវទេសចរជិះឆ្លងកាត់កម្រនឹងមើលរំលង និងជាកន្លែងដែលអ្នកស្រុកអាចមកលេងកម្សាន្តនៅចុងសប្តាហ៍ ថតរូប ហាត់ប្រាណ និងដើរលេងជាមួយក្រុមគ្រួសារបាន៕

ដោយ ៖ សិលា


ចែករំលែក៖