រដ្ឋាភិបាលទីក្រុងញ៉ូដេលីបានបញ្ជាក់ថា ទីតាំងជាច្រើនត្រូវបង្ខំចិត្ត បិទទ្វារដោយសារតែអស់វ៉ាក់សាំងចាក់ជូនពលរដ្ឋ ។
សារព័ត៌មាន Sputnik បានផ្សាយថា តាមប្រភពព័ត៌មានពីរដ្ឋាភិបាលញូវដេលី បានឲ្យដឹងថា គិតដល់ថ្ងៃទី១២ខែឧសភា នៅក្នុងទីក្រុងនេះមិនមានវ៉ាក់សាំងទៀតឡើយ សម្រាប់ចាក់ជូនពលរដ្ឋ ។ កន្លងមកអភិបាលរដ្ឋលោក Arvind Kejriwal បានឲ្យដឹងថា ទើបតែទទួលបានវ៉ាក់សាំង ៤០ លានដូសប៉ុណ្ណោះ។
ចំណែកវ៉ាក់សាំងត្រូវការដល់ទៅ ២៦០លានដូស ទើបគ្រប់គ្រាន់ចាក់ជូនពលរដ្ឋ។
អ្នកនាំពាក្យ រដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងថា «សម្រាប់បុគ្គលិកពេទ្យជួរមុខ មានអាយុចាប់ពី៤៥ឆ្នាំឡើងទៅ យើងនៅសល់វ៉ាក់សាំង Covaxin សម្រាប់ចាក់ជូនក្នុងរយៈពេល៥ថ្ងៃ និងវ៉ាក់សាំង Covishield ក្នុងរយៈពេលតែ៤ថ្ងៃប៉ុណ្ណោះ សរុបមាន139.261នាក់បានចាក់វ៉ាក់សាំងនៅថ្ងៃទី ១១ខែឧសភា គឺជាចំនួនច្រើនបំផុតមិនធ្លាប់មាននៅទីក្រុងញូវដេលី ក្នុងពេលដែលរដ្ឋធានីញូវដេលីកំពុងប្រឈមការឆ្លងរាលដាលកូវីដ-១៩ ជាទ្រង់ទ្រាយធំ ។ ទីក្រុងញូវដេលីបានស្នើឲ្យផ្តល់វ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ជូនពលរដ្ឋ ប៉ុន្តែពេលនេះយើងបង្ខំចិត្តត្រូវផ្អាកដោយសារតែខ្វះវ៉ាក់សាំង។
ទិន្នន័យផ្លូវការពីក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធនេះបានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ក្នុងប្រទេសនេះ បានបន្តកើនលើស២៥០,០០០នាក់ហើយ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ អ្នកជំងឺ COVID-19 ចំនួន៤,២០៥នាក់ស្លាប់គឺជាកំណត់ត្រាថ្មី ។ ចំណែក តួលេខករណីឆ្លងសរុបវិញបានកើន ៣៤៨,៤២១នាក់ ក្នុងរយៈពេលដូចគ្នា ដោយឡើងដល់២៣.៣លាននាក់៕ដោយ៖ ធីរីណា
រូបភាព៖ Reuters