ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមទ្រង់ទ្រាយធំចាប់ផ្តើមផ្ទុះឡើងហើយ អុីស្រាអែលវាយប្រហារដោយថ្មើរជើងចូលទឹកដីហ្គាហ្សា

ចែករំលែក៖

នៅព្រឹកថ្ងៃទី១៤ ខែឧសភា អុីស្រាអែលបានបើកការវាយប្រហារតាមដែនគោក(ថ្មើរជើង)ចូលទឹកដីហ្គាហ្សា ដែលជាការចាប់ផ្តើមសង្គ្រាមទ្រង់ទ្រាយធំក្រោយពីភាគីទាំងពីរវាយប្រហារគ្នាតាមដែនអាកាសរួចមក។
សារព័ត៌មាន Times of Israel បានដកស្រង់ការប្រកាសរបស់កម្លាំងទាហានការពារជាតិអុីស្រាអែល ដែលបានឱ្យដឹងថា កម្លាំងទាហានជើងគោកនៃប្រទេសនេះបានវាយប្រហារតាមដីគោកទៅលើតំបន់ហ្គាហ្សា ដោយមានការជួយគាំទ្រការពារពីកម្លាំងទាហានអាកាស។ លោក Jonathan Conricus អ្នកនាំពាក្យកម្លាំងទាហានអុីស្រាអែលបានឱ្យដឹងថា «ទាហានជើងគោកបានវាយប្រហារហ្គាហ្សា»ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់ទេថា តើទាហានអុីស្រាអែល វាយប្រហារទឹកដីហ្គាហ្សាហើយឬនៅ។ នេះជាលើកទីមួយដែលអុីស្រាអែលបើកការវាយប្រហារតាមដីគោក ចាប់តាំងពីការវាយប្រហារកាលពីឆ្នាំ២០១៤ សម្លាប់មនុស្ស ២ពាន់នាក់។ នេះជាការប្រឈមមុខតានតឹងថ្មីនៅតំបន់ហ្គាហ្សា ក្រោយការវាយប្រហារគ្នាតាមដែនអាកាស រយៈពេល ១សប្តាហ៍កន្លងមក។
តាមប្រភពព័ត៌មានបានឱ្យដឹងថា អុីស្រាអែលបញ្ជូន៣កងពលចូលរួមក្នុងការវាយប្រហារតាមដីគោកចូលក្នុងទឹកដីហ្គាហ្សា ក្នុងនោះមានកងពលរថក្រោះ កងពលGolani និងកងពលរថពាសដែកលេខ៧ ។
សកម្មភាពវាយប្រហារខាងលើរបស់អុីស្រាអែលកើតឡើងក្រោយពេលដែលក្រុមហាម៉ាស់បានបើកការវាយប្រហារ «ភ្លៀងរ៉ុក្កែត»រាប់ពាន់ដើមចូលក្នុងទឹកដីអុីស្រាអែល។ នៅពេលនេះដែរ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងជួបប្រជុំគ្នានៅថ្ងៃទី១៦ខែឧសភា ដើម្បីពិភាក្សាស្តីពីភាពតានតឹងរវាងអុីស្រាអែលនិងប៉ាឡេស្ទីន ៕ដោយ៖ ធីរីណា

រូបភាព៖Global Times


ចែករំលែក៖