ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌចំការមន នាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនដល់គ្រួសារងាយរងគ្រោះក្នុងសង្កាត់ទន្លេបាសាក់

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ចំនួន ៣៤គ្រួសារ រស់នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានទទួលអំណោយកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ដើម្បីជាការដោះស្រាយជីវភាព ដែលពិធីនេះ ធ្វើឡើងក្រោមវត្តមាន អភិបាលខណ្ឌចំការមន លោក ថេងសុថុល, លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ និងមន្ត្រីខណ្ឌ-សង្កាត់មួយចំនួនទៀត ។

លោក ថេង សុថុល អភិបាលខណ្ន និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌចំការមន បានថ្លែងថា ប្រជាពលរដ្ឋជនចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ត្រូវបានចាត់ទុកថា ជាមុខសញ្ញាងាយរងគ្រោះ ហើយក៏ជាមុខសញ្ញា ត្រូវសង្រ្គោះជាបន្ទាន់។

 លោកអភិបាលខណ្ឌ បានលើកឡើងថា អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន ត្រូវបាននាំយកចែកជូនប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋងាយរងគ្រោះ គ្រប់ទីកន្លែង ដោយមិនប្រកាន់ពណ៌សម្បុរ ឬនិន្នាការនយោបាយនោះឡើយ។ 

លោកអភិបាលខណ្ឌ ក៏បានដាស់តឿន ប្រជាពលរដ្ឋ ត្រូវរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងត្រូវចូលរួម អនុវត្តវិធានសុខាភិបាល និងគោលការណ៍ ៣កុំ ៣ការពារ ដើម្បីទាំងអស់គ្នា ចៀសឆ្ងាយពីការឆ្លងនូវជម្ងឺកូវីដ-១៩ នោះផងដែរ។

ដោយសង្កេតឃេីញថាពេលនេះ ជារដូវក្ដៅផងនោះ លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេស បញ្ហាអគ្គិសនី ដោយធ្វើ យ៉ាងណា ពិនិត្យឱ្យបានម៉ត់ចត់ កុំមានការធ្វេសប្រហែសឱ្យសោះ ។

អំណោយដែលនាំយកមកចែកជូនដល់ មនុស្សចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ សរុប ៣៤គ្រួសារ នាពេលនេះ ក្នុង១គ្រួសារ ទទួលបាន៖​ អង្ករ ១បាវ ទំងន់ ២៥គីឡូក្រាម,​ មី ១កេស,​ ទឹកត្រី ១យួរ,​ ទឹកស៊ីអ៉ីវ ១យួរ,​ ត្រីខ ១យួរ​ និងម៉ាស់ ១០សន្លឹក៕

ដោយ ៖ ជីណា


ចែករំលែក៖