ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខណ្ឌច្បារអំពៅនាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋតាមបន្ទប់ជួល

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន៥៥គ្រួសារដែលមានជីវភាពខ្វះខាតរស់នៅក្នុងតំបន់បន្ទប់ជួលបានទទួលអំណោយ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន តាមរយៈលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានក្រុមការងាររបស់រដ្ឋបាលខណ្ឌដឹកនាំលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នាំយកទៅចែកជូន ។

     សកម្មភាពមនុស្សធម៌នាំយកអំណោយសម្តេចតេជោចែកជូនប្រជាពលរដ្ឋនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នៅតំបន់ធ្វើចត្តាឡីស័កប្លុកផ្ទះជួល ភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១  ខណ្ឌច្បារអំពៅ ។

      ក្នុងពិធីនេះដែរលោកអភិបាលខណ្ឌបានសំណេះសំណាលនិងផ្តាំផ្ញើរអោយបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ផ្ទះជួលដែលកំពុងធ្វើចត្តាឡីស័កត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរ សង្កាត់-ខណ្ឌ និងក្រុមគ្រូពេទ្យ ។  ជំងឺកូវីដ-១៩នេះជាជំងឺកាចសាហាវកំពុងតែគំរាមកំហែងសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជុំវិញពិភពលោក មិនមែនមានតែប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ ។  បើសិនមានប្រជាពលរដ្ឋណាស្លាប់ដោយសារជំកូវីដ-១៩ គ្មានសាច់ញាតិ  បងប្អូន ណាអាចទៅចូលរួមចំអាសទឹកឬជួបជុំគ្នាធ្វើបុណ្យតាមប្រពៃណីបានឡើយ គឺមានតែក្រុមគ្រូពេទ្យជំនាញជាអ្នកវេចខ្ចប់សាកសពយកទៅបូជា  រួចហើយយកធាតុមួយកញ្ចប់ប្រគល់អោយក្រុមគ្រួសារ  គ្រប់គ្នាបានត្រឹមតែអាលោះអាល័យតែប៉ុណ្ណោះ ។

     លោកអភិបាលខណ្ឌបានបន្តថា តាមរបាយការណ៍ ប្រជាពលរដ្ឋដែលស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូទាំងប្រទេសជាង១០០នាក់ហើយ ដូច្នេះដើម្បីជៀសផុតពីជំងឺកាចសាហាវនេះបានសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់បន្ទប់ជួលនិងកំពុងធ្វើចត្តាឡីស័កត្រូវមានអនាម័យ អនុវត្តអោយខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ 

     សូមបញ្ជាក់ថា នេះជាលើកទី២ហើយ សម្រាប់ប្រជាពលរដ្ឋរស់នៅតាមបន្ទប់ជួលក្នុងភូមិដើមអម្ពិល សង្កាត់ច្បារអំពៅទី១ ដែលទទួលបានអំណោយសម្តេចតេជោ  លើកទី១ធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ចំនួន៤០គ្រួសារ  លើកទី២ ចំនួន៥៥គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកស៉ីអ៉ីវ១យួរ  ត្រីខ១យួរ ៕

ដោយ៖សណ្តោស


ចែករំលែក៖