ខេត្តត្បូងឃ្មុំ ៖ ដោយសារតែការបេីកបរមិនប្រកាន់ស្តាំ ហេីយប្រើប្រាស់ល្បឿនលឿនទៀតផងនោះ បានបង្កទៅជាគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃដែលកំពុងតែបេីកបរម៉ូតូឌុបគ្នាពីរនាក់ប្តីប្រពន្ធ បណ្តាលឱ្យប្តីស្លាប់ ឯប្រពន្ធរបួសធ្ងន់ត្រូវដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។
តាមប្រភពព័ត៌មានរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងនៅលើកំណាត់ផ្លូវក្រាលកៅស៊ូស្ថិតក្នុងភូមិឫស្សីជួរ ឃុំកក់ ស្រុកពញាក្រែក កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។
ប្រភពដដែលបានបន្តថា ករណីខាងលើផ្តើមឡើងដោយអ្នកបើកបររថយន្តមិនប្រកាន់ស្តាំ ហេីយបានប្រើប្រាស់ល្បឿនលឿនលេីស្ថានភាពផ្លូវមិនអំណោយផល ខណ:បេីកមកដល់ចំណុចកើតហេតុផ្លូវកោង ក៏ជ្រុលទៅបុកម៉ូតូរងគ្រោះពេញទំហឹងតែម្ដង បណ្តាលឱ្យបុរសជាប្តីស្លាប់និងស្រ្តីជាប្រពន្ធបានរងរបួសធ្ងន់ ឯអ្នកបើកបររថយន្តបានគេចខ្លួនបាត់ ។ រថយន្តបង្កហេតុម៉ាកឆែវរុឺឡែតពណ៌សពាក់ស្លាកលេខភ្នំពេញ 2AL-5418 ។ ចំណែកម៉ូតូរងគ្រោះម៉ាកវ៉េវ គ្មានស្លាកលេខ ។
ប្រភពព័ត៌មានពីមន្រ្តីកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំបានឱ្យដឹងថា បុរសជាប្តី និងជាអ្នកបើកបរម៉ូតូម៉ាកវ៉េវ គ្មានស្លាកលេខដែលស្លាប់ឈ្មោះ ឆាន ឈុន អាយុ ៤៨ ឆ្នាំ និងស្រ្តីជាប្រពន្ធដែលរងរបួសធ្ងន់ត្រូវបានបញ្ជួនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗនោះ ឈ្មោះ អឿន ចន្ថា អាយុ៤៧ឆ្នាំរស់នៅភូមិសម្បូរ ឃុំកក់ដែរ ៕
ដោយ៖ វណ្ណៈ