ព័ត៌មានទាន់ហេតុការណ៍៖

ចិនជាប្រទេសដែលចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ លឿនបំផុតគឺជាង ១៤លានដូសក្នុងមួយថ្ងៃ

ចែករំលែក៖

យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ -១៩ នៅក្នុងប្រទេសចិនធ្វើឡើងយ៉ាងលឿនបំផុត ដោយមានពលរដ្ឋជាង១៤លាននាក់ក្នុងពេលមួយថ្ងៃ។ ជាមួយនឹងចំនួនអ្នកចាក់វ៉ាក់សាំងកើនឡើងខ្ពស់គឺជួយឲ្យប្រទេសមានពលរដ្ឋច្រើនបំផុតគ្រប់គ្រងការឆ្លងកូវីដ-១៩ បានទាំងស្រុង ។
ពលរដ្ឋនៅក្នុងខេត្ត Anhui និងLiaoning បាននាំគ្នាទៅចាក់វ៉ាក់សាំងច្រើនជាងគេ ។ តាមសារព័ត៌មានស៊ីនហួបានផ្សាយថា នៅទីក្រុង Anhui មានពលរដ្ឋរស់នៅ១០លាននាក់ មានពលរដ្ឋដល់ទៅជិត៤សែននាក់បានចាក់វ៉ាក់សាំងក្នុងមួយថ្ងៃ។
ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ី ក្នុងនោះមានទាំងប្រទេសចិនផងដែរមិនសូវមានជំនឿលើសុវត្ថិភាពនៃវ៉ាក់សាំងប្រឆាំងកូវីដ-១៩ឡើយ។ ប៉ុន្តែក្រោយពេលចាក់វ៉ាក់សាំងកន្លងមកមានសុវត្ថិភាពនិងប្រសិទ្ធភាពធ្វើឲ្យពលរដ្ឋមានជំនឿឡើងវិញហើយនាំគ្នាទៅចាក់វ៉ាក់សាំងជាច្រើន ។
ប្រទេសដែលបានចាក់វ៉ាក់សាំងបានច្រើនដូចជាប្រទេសលោកខាងលិច បានចាប់ផ្តើមបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញបន្តិចម្តងៗ ដើម្បីជួយឲ្យសេដ្ឋកិច្ចជាតិដំណើរការដូចដើម ។ ចំពោះប្រទេសចិនវិញ រដ្ឋាភិបាលបានអនុម័តយុទ្ធនាការចាក់វ៉ាក់សាំងដោយបង្ខំដល់មន្ត្រីរដ្ឋាភិបាល សមាជិកបក្ស និងបណ្តាក្រុមហ៊ុនរដ្ឋ ។
បច្ចុប្បន្នមានពលរដ្ឋចិនដល់ទៅ ៥៦០លាននាក់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ស្មើ៤០%នៃពលរដ្ឋទូទាំងប្រទេស។ កាលពីខែមេសា ចិនចាក់វ៉ាក់សាំងបានតែ២១០លានដូសប៉ុណ្ណោះ ប៉ុន្តែចាប់ពីខែឧសភាមក ពិសេសគឺក្រោយពេលអង្គការសុខភាពពិភពលោកទទួលស្គាល់ គឺចំនួនពលរដ្ឋទៅចាក់វ៉ាក់សាំងលើសពី១០លាននាក់ក្នុងមួយថ្ងៃ។ អង្គការWHO បានលើកឡើងថា ចិនអាចចាក់វ៉ាក់សាំងបានដល់២០លានដូសក្នុងមួយថ្ងៃ៕

ដោយ៖ធីរីណា(រូបភាព៖Bloomberg)


ចែករំលែក៖