ខេត្តកំពង់ឆ្នាំង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសគ្រឿងញៀន មួយករណីដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់និងដកហូតបានថ្នាំញៀនជាច្រើនកញ្ចប់ ។ករណីបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងនៅវេលាម៉ោង១៧និង៣០នាទីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់ ព្រំប្រទល់ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យដែលធ្វើការឃាត់ខ្លួន ១.ឈ្មោះអាង ណារីន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងឈើ ។ ២.ឈ្មោះនោពិទូ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងម៉ូតូ ។ ៣.ឈ្មោះកែវ សុវី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ។ ពួកគេទាំង៣នាក់ មានទីលំនៅក្នុងឃុំឈើតុំស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ក្នុងពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងដកហូតបានវត្ថុតាងរួមមាន ម៉្សៅក្រាមពណ៌សថ្លា ( សង្ស័យម៉ាទឹកកក ) ចំនួន៨ កញ្ចប់ធំនិង៩កញ្ចប់តូច ទម្ងន់៧៤,៧៤ក្រាម ( ថ្លឹងទាំងថង់វេចខ្ចប់ ) ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង រថយន្ត២គ្រឿង ក្នុងនោះមួយគ្រឿងម៉ាកតូយ៉ូតាកាមរីបាឡែន ពណ៌ស គ្មានស្លាកលេខ និង មួយគ្រឿងទៀតម៉ាកតូយ៉ូតាកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខកំពង់ចាម2A-12 30 និង ម៉ូតូចំនួន២គ្រឿងទៀត គ្មានស្លាកលេខ ។
សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ និង ខេត្តកំពង់ឆ្នាំង សហការគ្នាបង្រ្កាបទើបបង្រ្កាបសកម្មភាពនេះបាន ព្រោះពេលដែលបង្រ្កាបនៅទឹកដីខេត្តពោធិ៍សាត់ ក្រុមជនសង្ស័យគេចឆ្លងមកខេត្តកំពង់ឆ្នាំង ពេលកំពង់ឆ្នាំងបង្រ្កាប គេចចូលទៅពោធិ៍សាត់ ហើយក្រុមជនសង្ស័យជាក្រុមសកម្មបំផុតក្នុងការជួញដូរគ្រឿងញៀននៅតំបន់ព្រំប្រទល់នេះ ។ ប៉ុន្តែនៅថ្ងៃនេះ ដោយសារកិច្ចសហការគ្នាល្អក៏ព័ទ្ធចាប់បានតែម្តង ។
បច្ចប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ៖ ចន្ថា