ភ្នំពេញ៖ ចាប់ពីស្អែកទៅរាជធានីភ្នំពេញ សឹងតែគ្មានតំបន់ក្រហមទៀតទេ ដោយសារអ្នកឆ្លងកូវីដ-១៩ថយចុះ។ នេះជាការលើកឡើងពីលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងជាដំណឹងដ៏សែនរីករាយសម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញផងដែរ។
ដោយឡែក សម្រាប់ផ្សាររដ្ឋ និងផ្សារមិនរៀបរយមួយចំនួន រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងបើកកិច្ចប្រជុំនៅថ្ងៃទី២១ ខែឧសភាខាងមុខ សម្រេចឲ្យបើកដំណើរការឡើងវិញ ជាបន្តបន្ទាប់ផងដែរ ប៉ុន្តែសម្រាប់តែការលក់ដូរទំនិញដែលចាំបាច់ និងមានតម្រូវការតែប៉ុណ្ណោះ ហើយនឹងតម្រូវឲ្យមានការគោរតាមវិធានសុខាភិបាល។
សូមបញ្ជាក់ថា, គិតត្រឹមព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២២,៨៨៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១៤,៣៤៣នាក់ និងស្លាប់សរុបចំនួន ១៥៦នាក់។ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ជាព្រឹត្តិការណ៍ ដែលធ្វើឲ្យមានការឆ្លងកូវីដ-១៩ ខ្លាំងក្លាបំផុត។
សូមជម្រាបជូនថា, កន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការកំណត់តំបន់៣ រួមមាន តំបន់ក្រហម សម្រាប់ទីតាំងមានការឆ្លងខ្លាំង តំបន់លឿងទុំ សម្រាប់ទីតាំងមានការឆ្លងមធ្យម និងតំបន់លឿង សម្រាប់ទីតាំងមានការឆ្លងតិចតួច។ វិធានការនេះ បានជួយឲ្យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មានប្រសិទ្ធភាព ពោលអត្រាអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ បានថយចុះជាលំដាប់។
ទោះជាមានការថយចុះ នៃការឆ្លង covid-19 យ៉ាងណាក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន អនុវត្តតាមវិធានសុខាភិបាល និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣កុំនិង ៣ការពារ៕
ដោយ ៖ សិលា