ក្រសួងហិរញ្ញវត្ថុអាមេរិកបានសម្រេចដាក់ទណ្ឌកម្មទៅលើមន្ត្រីយោធាមីយ៉ាន់ម៉ា១៦រូប ដែលជាការបង្ខំឲ្យប្រទេសនេះវិលត្រឡប់ ទៅកាន់របបប្រជាធិបតេយ្យវិញ។
សារព័ត៌មាន AFP បានផ្សាយថា ក្រសួងហិរញ្ញវត្ថុអាមេរិក បានអនុម័តដាក់ទណ្ឌកម្មលើមន្ត្រីយោធាមីយ៉ាន់ម៉ា១៦រូបព្រមទាំងគ្រួសាររបស់មន្ត្រីទាំងនោះ នៅថ្ងៃទី ១៧ខែឧសភា ដោយចោទប្រកាន់ ពីការគាំទ្រដល់អំពើហិង្សាសម្លាប់មនុស្សជាច្រើន។
ក្នុងចំណោមបុគ្គលដែលត្រូវក្រសួងហិរញ្ញវត្ថុអាមេរិកដាក់ក្នុងបញ្ជីខ្មៅមាន សមាជិកក្រុមប្រឹក្សារដ្ឋបាលមីយ៉ាន់ម៉ា៤រូប និង រដ្ឋមន្ត្រី ៧រូប និងប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរបស់យោធាព្រមទាំងប្រធានធនាគារជាតិមីយ៉ាន់ម៉ា។
តំណាងក្រសួងហិរញ្ញវត្ថុអាមេរិក បានបញ្ជាក់ថា «រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានវាយប្រហារយ៉ាងព្រៃផ្សៃទៅលើក្រុមអ្នកគាំទ្រប្រជាធិបតេយ្យ ហើយការវាយប្រហារសម្លាប់មនុស្សជាច្រើនពីសំណាក់យោធា ក្នុងនោះមានទាំងកុមារ និងស្ត្រី។ តាមការលើកឡើងរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក ប្រទេសអង់គ្លេស និង កាណាដា ក៏បានអនុវត្តដាក់ទណ្ឌកម្មទៅលើយោធាមីយ៉ាន់ម៉ាផងដែរ ។
ការដាក់ទណ្ឌកម្មនេះមានគោលបំណង ដើម្បីរារាំងពួកគេមិនឱ្យចូលទៅក្នុងប្រព័ន្ធពាណិជ្ជកម្ម និងហិរញ្ញវត្ថុសកល តាមរយៈការហាមឃាត់បុគ្គល និងក្រុមហ៊ុននានារបស់សហរដ្ឋអាមេរិក រួមទាំងធនាគារបរទេសនានា ដែលមានសាខានៅសហរដ្ឋអាមេរិក ពីការធ្វើជំនួញជាមួយបុគ្គល និងអង្គភាពមីយ៉ាន់ម៉ា ដែលមានឈ្មោះក្នុងបញ្ជីខ្មៅ។ ការដាក់ទណ្ឌកម្មថ្មីៗបន្ថែមទៀតនេះ ត្រូវបានធ្វើឡើងក្រោយពីមានសេចក្តីរាយការណ៍ថា មនុស្សជាង ៨០០នាក់ហើយបានស្លាប់ ដោយសារតែការបង្ក្រាបបាតុកម្ម នៅទូទាំងប្រទេសមីយ៉ាន់ម៉ា គិតចាប់តាំងពីដើមខែកុម្ភៈ ឆ្នាំ២០២១មក៕
ដោយ៖ធីរីណា(រូបភាព៖ plo)