ព័ត៌មានទាន់ហេតុការណ៍៖

ស្រី្តម្នាក់ជិះម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវម៉ូតូធុនធំ (ស្ព័រ) បើកបរក្នុងល្បឿនលឿនបុកស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ជិះម៉ូតូដឹកកាហ្វេឱ្យភ្ញៀវ ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូធុនធំ (ស្ព័រ) ដែលបើកបរក្នុងល្បឿនលឿនបុកចំពាក់កណ្ដាលម៉ូតូបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦និង៣០ នាទីព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ នៅចំណុចខាងមុខច្រកចូលក្រសួងព័ត៌មាន ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

សពមានឈ្មោះ ទ្រី ស្រីលីន ភេទស្រី អាយុ២៥ឆ្នាំ មានមុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះជួលម្តុំឫស្សីកែវ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា ជារៀងរាល់ថ្ងៃ ស្ត្រីរងគ្រោះតែងជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-2244 ដឹកកាហ្វេឱ្យភ្ញៀវ ដែលកុម្មង់តាមរយៈប្រព័ន្ធទូរស័ព្ទ នៅម្តុំមន្ទីរពេទ្យជប៉ុន ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ហើយបានឆ្លងផ្លូវព្រះមុនីវង្ស ដោយខ្វះការប្រុងប្រយ័ត្នបានពាក់កណ្តាលផ្លូវក៏ស្រាប់តែមានបុរសម្នាក់បើកម៉ូតូធុនធំ (ស្ព័រ) មួយគ្រឿងម៉ាកកាវ៉ាសាគី Z1000 ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 1HW-0909 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកម៉ូតូស្គូពី ពាក់កណ្ដាលម៉ូតូពេញទំហឹង បណ្ដាលឲ្យស្ត្រីអ្នកលក់កាហ្វេដួលបោកក្បាលនឹង ថ្នល់ស្លាប់ភ្លាមៗតែម្តង។ ចំណែកបុរសម្ចាស់ម៉ូតូធុនធំ រងរបួសស្រាលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលវត្តភ្នំ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចជំនាញ បានចុះនៅទីតាំងកើតហេតុធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ។ ចំណែកសពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖